ទីភ្នាក់ងារចារកម្មយោធាហូឡង់ MIVD បានព្រមានកាលពីថ្ងៃអង្គារ (២២ មេសា) ថា រុស្ស៊ី កំពុងតែបង្កើនការវាយប្រហារដោយប្រើវិធីសាស្រ្តច្រើនបែបច្រើនយ៉ាង (ការវាយប្រហារបែបកូនកាត់ ឬ Hybrid attacks) របស់ខ្លួនប្រឆាំងនឹងហូឡង់ និងសម្ព័ន្ធមិត្តប្លុកអឺរ៉ុប ដើម្បីបំបាក់ឥទ្ធិពល និងធ្វើឱ្យសង្គមរបស់សហភាពអឺរ៉ុបចុះខ្សោយ។

របាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារចារកម្ម MIVD នេះបាននិយាយថា រុស្ស៊ីព្យាយាមរំខានដល់ការបោះឆ្នោតនៅអឺរ៉ុប កាលឆ្នាំ២០២៤ ដោយបើកការវាយប្រហារតាមអ៊ីនធឺណិតលើគេហទំព័រកម្មសិទ្ធិរបស់បក្សនយោបាយហូឡង់ និងក្រុមហ៊ុនដឹកជញ្ជូនសាធារណៈជាច្រើន ក្នុងគោលបំណងធ្វើឱ្យពលរដ្ឋហូឡង់ កាន់តែពិបាកទៅបោះឆ្នោត។

នាយក MIVD លោក Peter Reesink បាននិយាយនៅក្នុងរបាយការណ៍នោះថា "ចារជន MIVD មើលមិនឃើញការធ្លាក់ចុះនៃការគំរាមកំហែងរបស់រុស្ស៊ី ប្រឆាំងនឹងអឺរ៉ុបទេ ប៉ុន្តែនៅតែបន្តកើនឡើង សូម្បីតែបន្ទាប់ពីការបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន អាចកើតមានឡើងក៏ដោយ"។

MIVD បានបង្ហាញប្រតិបត្តិការរុស្ស៊ីថ្មីៗជាច្រើននៅហូឡង់ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត ដែលគេដឹងជាលើកដំបូង ដោយក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី លើគោលដៅប្រព័ន្ធឌីជីថលរបស់គ្រឹះស្ថានសាធារណៈហូឡង់ នៅឆ្នាំ២០២៤។ ទីភ្នាក់ងារនេះក៏រកឃើញប្រតិបត្តិការអ៊ីនធឺណិតរបស់រុស្ស៊ី ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅហូឡង់ ដែលត្រៀមបង្កើតលទ្ធភាពសម្រាប់ការបំផ្លិចបំផ្លាញនាពេលអនាគត ប៉ុន្តែប្រតិបត្តិការនោះមិនបានជោគជ័យទេ៕