បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់លើដំណាំពោត របស់បងប្អូនប្រជាពលរដ្ឋ ចំនួនពីរឃុំគឺឃុំ បឹងបេង ឃុំអូរសំព័រ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មូលហេតុ ដោយសារទឹកភ្លៀងហូរចុះមកពីលើភ្នំ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បណ្តាលរងផលប៉ះពាល់។
ក្នុងដំណើរចុះពិនិត្យនោះដែរលោក ឃ្លោក នួយ អភិបាលរងខេត្ត បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលនោះទេ គួរនាំគ្នាងាកមកដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។ មួយវិញទៀតដំណាំពោត កំពុងមានទីផ្សារល្អ ហើយអ្វីដែលធ្វើឱ្យកសិករ ជាអ្នកផលិតកាន់តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។
ជាមួយនោះដែរ លោក ឃ្លោក នួយ បានបញ្ជាក់ថា ប្រការនេះ គឺដើម្បីជួយដល់ការលើកទឹកចិត្តដល់អ្នកដាំ និងអ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយជារួមអាចផលិតផ្គត់ផ្គង់តាមតម្រូវការរបស់ក្រុមហ៊ុន។
លោកបន្តថា ការដាំដុះបច្ចុប្បន្ន កសិករអនុវត្តតាមបច្ចេកទេសទាំងការថែទាំ និងការជ្រើសរើសពូជបានត្រឹមត្រូវហើយ តែឆ្នាំនេះអាកាសធាតុមានការប្រែប្រួល បង្កឱ្យដំណាំពោតមានការថមថយគុណភាពប្រមាណ១៥ទៅ២០% គុណភាពខុសពីរាល់ឆ្នាំ គឺពោតសាច់ពេញៗ ព្រោះធាតុអាកាសត្រជាក់។ កត្តាទាំងអស់នេះហើយ លោកអភិបាលរងខេត្ត បានបន្តអំពាវនាវដល់ពលរដ្ឋដែលប្រកបរបរដាំដុះដំណាំរួមផ្សំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអាកាសធាតុទើបការដាំដុះមិនមានផលប៉ះពាល់ និងរងការខូចខាតនោះឡើយ៕ ឃិនសារិទ្ធ






