ក្រុមមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ជួបប្រជុំគ្នានៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស នាថ្ងៃពុធ (២៣ មេសា) នេះ ស្ដីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បន្ទាប់ពីការព្រមានដោយលោកប្រធានាធិបតីអាមេរិក Donald Trump ថាទីក្រុងវ៉ាស៊ីនតោន អាចដើរចេញ ប្រសិនបើមិនមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ ខណៈដែលអ្នកការទូតបង្ហាញការរំពឹងទុកមិនសូវល្អពីកិច្ចព្រមព្រៀងឆាប់ៗ។
ប្រេសិតអ៊ុយក្រែន របស់អាមេរិក គឺលោក Keith Kellogg ទៅចូលរួមនៅក្នុងកិច្ចចរចានោះ ប៉ុន្តែរដ្ឋមន្រ្តីការបរទេស Marco Rubio នឹងមិនចូលរួមទេ។ គេមិនច្បាស់ឡើយថា តើអវត្តមានរបស់លោក Rubio មានន័យថា អាមេរិកបានបន្ទាបការរំពឹងទុករបស់ខ្លួនសម្រាប់កិច្ចចរចាឬយ៉ាងណា បន្ទាប់ពីលោក Trump បានសង្ឃឹមថា ទីក្រុងមូស្គូ និងទីក្រុងគីវ នឹងធ្វើកិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះដើម្បីបញ្ចប់ជម្លោះអាយុកាល ៣ឆ្នាំរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ មានអ្នកការទូតមួយចំនួនតូចប៉ុណ្ណោះ ដែលចាត់ទុកថាមានភាពប្រាកដនិយម ដោយសារមានគម្លាតដ៏សំខាន់នៅសេសសល់។ ការរំពឹងទុកសម្រាប់ការឈានដល់វឌ្ឍនភាពលើកិច្ចព្រមព្រៀងមានតិចណាស់ បើទោះបីលោក Trump ដាក់សម្ពាធឱ្យសម្រេចចិត្តឆាប់ៗក៏ដោយ។
កិច្ចប្រជុំនៅទីក្រុងឡុងដ្រ៍នេះគឺជាការតាមដានសម័យប្រជុំស្រដៀងគ្នានៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដែលមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប បានពិភាក្សាគ្នាអំពីវិធីសាស្រ្តដើម្បីសម្រេចបានសន្តិភាព៕