នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានដឹកនាំយុទ្ធនាការបោះឆ្នោតរបស់លោកទៅកាន់ខេត្ត កេប៊ិក (Quebec) កាលពីថ្ងៃអង្គារ (២២ មេសា) ដោយនិយាយថា មានតែរូបលោកប៉ុណ្ណោះដែលអាចការពារខេត្តនិយាយភាសាបារាំងភាគច្រើនមួយនេះ និងទប់ទល់នឹងលោកប្រធានាធិបតីអាមេរិក Donald Trump បាន។
ការស្ទង់មតិបង្ហាញថា បក្សសេរីនិយម ដែលកំពុងកាន់អំណាច របស់លោក Carney បាននាំមុខយ៉ាងស្ដួចស្ដើងលើក្រុមអភិរក្សនិយម នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែមេសា ដែលនាយករដ្ឋមន្ត្រីកាណាដារូបនេះនិយាយថា គឺជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រកាណាដា។
ក្នុងពេលដែលលោក Trump បានដាក់ពន្ធលើការនាំចូលពីកាណាដា និងតែងតែនិយាយពីការដាក់បញ្ចូលប្រទេសនេះជារដ្ឋទី៥១ របស់អាមេរិក លោក Carney បាននិយាយនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការនោះថា "ការគំរាមកំហែងនេះមិនត្រឹមតែប៉ះពាល់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគំរាមកំហែងដែលមានស្រាប់ ខណៈលោក Trump កំពុងគំរាមដល់អត្តសញ្ញាណមួយរបស់ពលរដ្ឋ Quebec"។
គួរឱ្យដឹងថា បក្សណាមួយដែលចង់ឈ្នះអំណាច ត្រូវតែរកសំឡេងគាំទ្រឱ្យបានច្រើនពីខេត្ត Quebec ដែលមានអាសនៈច្រើនជាងគេទីពីរនៅក្នុងសភា បន្ទាប់ពីខេត្ត Ontario និងជាទីតាំងសម្រាប់ចលនាឯករាជ្យ ដែលឧទ្ទិសដល់ការការពារតួនាទីរបស់បារាំង និងវប្បធម៌ក្នុងស្រុក៕