សេតវិមាន កាលពីថ្ងៃអង្គារ (ទី២២ ខែមេសា) បានឲ្យដឹងថា លោក Donald Trump កំពុង «ធ្វើបានយ៉ាងល្អប្រសើរ ពាក់ព័ន្ធនឹងលទ្ធភាពនៃការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន» ដែលជាកិច្ចប្រឹងប្រែង ដើម្បីជួយលុបបំបាត់ភាពរំជើបរំជួល ក្នុងទីផ្សារហិរញ្ញវត្ថុ និងធានាឡើងវិញដល់វិនិយោគិនថា វឌ្ឍនភាពជាមួយទីក្រុងប៉េកាំងប្រហែលជាជិតកើតឡើងហើយ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យ លោកស្រី Karoline Leavitt បាននិយាយថា លោកស្រីបាននិយាយជាមួយលោកប្រធានាធិបតី Trump អំពីស្ថានភាពនៃកិច្ចពិភាក្សា ហើយថា «លោកប្រធានាធិបតី និងរដ្ឋបាល កំពុងរៀបចំមូលដ្ឋានគ្រឹះ សម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសចិន»។ លោកស្រី Leavitt បានបន្ថែមថា យើងមានអារម្មណ៍ថា អ្នកពាក់ព័ន្ធទាំងអស់ចង់ឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មកើតឡើង ហើយសន្ទុះកំពុងឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ពន្ធ «បដិការ» ១២៥ភាគរយលើការនាំចូលរបស់ចិន និងពន្ធ ២០ភាគរយដាច់ដោយឡែកលើទំនិញពីប្រទេសចិន ក្នុងគោលបំណងបន្ថយលំហូរនៃសារធាតុហ្វង់តានីលទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប ចិនបានអនុវត្តកាតព្វកិច្ចពន្ធសងសឹករបស់ខ្លួនលើផលិតផលអាមេរិក ដោយនាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗពីការរីកធំនៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២។
ទោះបីជាមានវិធានការទាំងនោះក៏ដោយ ក៏លោក Trump បានទម្លាក់ពន្ធ «បដិការ» ផ្សេងទៀតលើប្រទេសរាប់សិបដល់កម្រិត ១០ភាគរយ ដើម្បីបើកផ្លូវឲ្យមានការចរចារយៈពេល ៩០ថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកបានបង្ហាញពីភាពទន់ភ្លន់គួរកត់សម្គាល់ ចំពោះប្រទេសចិន ដោយបង្ហាញពីសុទិដ្ឋិនិយម អំពីការឈានដល់កិច្ចព្រមព្រៀង និងលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីន (Xi Jinping) ថា ជាអត្ថប្រយោជន៍ដ៏មានសក្តានុពល។ តែយ៉ាងណាក្ដី សេតវិមានបានបដិសេធមិននិយាយអះអាងនោះឡើយថា តើលោក Trump បានសន្ទនាជាមួយលោក ស៊ី ដែរ ឬទេ៕