ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់សារព័ត៌មាន Politico ថា ប្រទេសនានា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីពន្ធពាណិជ្ជកម្មដ៏ធ្ងន់ធ្ងររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឲ្យទីផ្សារពិភពលោកក្រឡាប់ចាក់។
ដោយមិនបានបញ្ចេញឈ្មោះលោក Donald Trump ឬសហរដ្ឋអាមេរិក លោកស្រី der Leyen បាននិយាយថា៖ «នៅក្នុងបរិយាកាសពិភពលោកដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើងៗ ប្រទេសនានាកំពុងតម្រង់ឆ្ពោះមកធ្វើការជាមួយយើង»។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកស្រីប្រធានរូបនេះ បានប្រាប់ថា លោកស្រីបានជជែកជាមួយមេដឹកនាំមកពីប្រទេសអ៊ីស្លង់ នូវែលសេឡង់ ម៉ាឡេស៊ី ហ្វីលីពីន កាណាដា ឥណ្ឌា និងអារ៉ាប់រួម ដែលកំពុងតែស្វែងរក «ដៃគូដ៏រឹងមាំ និងគួរឲ្យទុកចិត្តបាន»។ លោកស្រី der Leyen បានបន្ថែមថា សណ្តាប់ធ្នាប់ពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់បានបញ្ចប់ទៅ»។
សូមបញ្ជាក់ថា លោក Trump បានប្រកាសពន្ធបដិការ កាលពីថ្ងៃទី២ ខែមេសា ដោយដាក់អត្រា ២០ភាគរយលើសហភាពអឺរ៉ុប (EU) និងប្រទេសភាគច្រើនផ្សេងទៀតជាមួយនឹងពន្ធមូលដ្ឋាន ១០ភាគរយ។ នៅពេលដែលទីផ្សារហិរញ្ញវត្ថុ បានរងផលប៉ះពាល់អវិជ្ជមាន នៅមួយសប្តាហ៍ក្រោយមក លោក Trump បានផ្អាកការយកពន្ធដ៏ខ្ពស់នេះរយៈពេល ៩០ថ្ងៃ ដើម្បីបើកផ្លូវឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
សម្រាប់ករណីរបស់សហភាពអឺរ៉ុប ប្លុកនេះនៅតែត្រូវបង់អត្រា ១០ភាគរយ ក៏ដូចជា ២៥ភាគរយលើការនាំចេញដែក អាលុយមីញ៉ូម និងរថយន្ត ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិន បានតបតគ្នាទៅវិញទៅមកជាមួយនឹងការដំឡើងពន្ធរហូតដល់លេខ ៣ខ្ទង់៕

