អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា ការពិតដែលថា អ្នកជំនាញរបស់ទីភ្នាក់ងារនេះ មានសិទ្ធិចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) ដើម្បីតាមដានស្ថានភាពជុំវិញរោងចក្រនេះគឺ «មិនអាចកាត់ថ្លៃបាន»។
លោកបាននិយាយនៅក្នុងសិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលជាវិទ្យាស្ថានស្រាវជ្រាវឯករាជ្យរបស់សហរដ្ឋអាមេរិកថា៖«ខ្ញុំនឹងមិននិយាយថា វាមិនមានអ្វីខុសប្លែក ដែលយើងនៅ ទីនោះ។ អ្វីៗអាចកើតឡើង នៅរោងចក្រនេះ។ ប៉ុន្តែយើងមានមនុស្សរបស់យើង ហើយយើងមានពេល ជាច្រើន ដែលរោងចក្រនេះ ត្រូវបានគេបាញ់ផ្លោង ឬវាយប្រហារដោយយានដ្រូន។ ឬអ្នកអាចចាំបានថា កាលពីរដូវក្តៅមុន មានអគាររោងចក្រនេះ បានឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ»។
លោកបានសង្កត់ធ្ងន់ថា៖«ដូច្នេះ មានពេលវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់ ដែលការពិតដែលថា IAEA អាចនិយាយភ្លាមៗនូវអ្វី ដែលកំពុងកើតឡើង ប្រសិនបើមានគ្រោះថ្នាក់ទាក់ទងនឹងកម្រិតវិទ្យុសកម្ម និងរឿងបែបនោះ គឺអ្នកដឹងហើយថា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន»។
មានទីតាំងនៅទីក្រុង Energodar រោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងមានម៉ាស៊ីនភ្លើងចំនួន ៦គ្រឿង ដែលមានសមត្ថភាពសរុប ៦ ជីហ្គាវ៉ាត់ (GW) ដែលបច្ចុប្បន្ន ត្រូវបានបិទ ហើយមិនបានផលិតថាមពលទេ។ កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទីតាំងនេះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ទាហានអ៊ុយក្រែន បានធ្វើការបាញ់ផ្លោងជាបន្តបន្ទាប់ទាំងទៅលើទីក្រុង និងទឹកដីរបស់រោងចក្រនេះ។ អ្នកជំនាញរបស់ IAEA មានវត្តមានជាអចិន្ត្រៃយ៍ នៅក្នុងមជ្ឈមណ្ឌលនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដោយបានប្តូរវេនគ្នាយ៉ាងទៀងទាត់។