អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃអង្គារ (ទី២២ ខែមេសា) បាននិយាយថា កិច្ចពិភាក្សាបច្ចេកទេសជាមួយអ្នកជំនាញអាមេរិក ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃពុធ (ទី២៣ ខែមេសា) នៅប្រទេសអូម៉ង់ នឹងត្រូវលើកទៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
លោក Baghaei បានប្រាប់អ្នកសារព័ត៌មានថា៖ «ផ្អែកលើការផ្ដល់យោបល់ពីប្រទេសអូម៉ង់ និងតាមការព្រមព្រៀងដោយគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសដែលសន្មត់ថា នឹងធ្វើឡើងនៅថ្ងៃពុធ ក្នុងក្របខ័ណ្ឌនៃកិច្ចចរចាដោយប្រយោល រវាងភាគីទាំង២ ត្រូវបានលើកទៅថ្ងៃសៅរ៍»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាដោយប្រយោលជាលើកទី២ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៩ ខែមេសា ដោយមានការសម្របសម្រួលពីប្រទេសអូម៉ង់។ ជុំទី១ បានធ្វើឡើងនៅទីក្រុង Muscat កាលពីថ្ងៃទី១២ ខែមេសា ហើយជុំទី៣ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានី Omani ម្តងទៀត នាថ្ងៃសៅរ៍ខាងមុខនេះ។
ភ្លាមៗបន្ទាប់ពីកិច្ចចរចា នៅទីក្រុងរ៉ូម ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការចរចាបច្ចេកទេស នៅកម្រិតអ្នកជំនាញ ត្រូវបានរៀបចំឡើង ដែលព័ត៌មានលម្អិតនៃក្របខ័ណ្ឌ សម្រាប់លទ្ធភាពនៃការមានកិច្ចព្រមព្រៀង អាចត្រូវបានពិភាក្សា។ ក្រសួងបានបន្ថែមថា សម័យប្រជុំលើកទី៣ នឹងពិនិត្យមើលលទ្ធផលការងាររបស់អ្នកជំនាញ៕