រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងលើកឡើងពីការសាងសង់រចនាសម្ព័ន្ធរបស់ប្រទេសចិន ក្នុងដែនសមុទ្រ នៅឆ្នេរភាគខាងលិចនៃឧបទ្វីបកូរ៉េ អំឡុងពេលមានកិច្ចសន្ទនាជាមួយទីក្រុងប៉េកាំង នាថ្ងៃពុធ (ទី២៣ ខែមេសា) នេះ។
ទីក្រុងសេអ៊ូល បាននិយាយកាលពីមុនថា ប្រទេសចិនបានសាងសង់រចនាសម្ព័ន្ធនៅតំបន់មានជម្លោះ ក្នុងសមុទ្រលឿង ដែលត្រូវបានគេស្គាល់នៅទីក្រុងសេអ៊ូលថា ជាសមុទ្រខាងលិច ដែលបណ្តាលឲ្យកូរ៉េខាងត្បូង សង់សំណង់រឹង «តបតវិញ»។
ទីក្រុងប៉េកាំង បានផ្ដល់ហេតុផលថា រចនាសម្ព័ន្ធរបស់ខ្លួន គឺជាឧបករណ៍ចិញ្ចឹមត្រី ប៉ុន្តែសំណង់ទាំងនោះបានធ្វើឲ្យទីក្រុងសេអ៊ូលមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារបារម្ភថា ប្រទេសចិនអាចកំពុងស្វែងរកការទាមទារសិទ្ធិ នៅក្នុងតំបន់ដែនសមុទ្របណ្តោះអាសន្ន ជាកន្លែងដែលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសទាំង២ ត្រួតស៊ីគ្នា។
រដ្ឋមន្ត្រីការបរទេស លោក Cho Tae-yul បានប្រាប់គណៈកម្មាធិការសភាថា បញ្ហានេះនឹងត្រូវបានលើកឡើង ក្នុងអំឡុងពេលមាន «កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការដែនសមុទ្រ» រវាងប្រទេសទាំង២ នៅថ្ងៃពុធនេះ។
លោក Cho បានប្រាប់ថា ជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង «គឺត្រូវពិចារណាជម្រើសដ៏មានប្រសិទ្ធភាព ក្នុងនោះរួមទាំងវិធានតបតសមាមាត្រផងដែរ»។ លោកបានបន្ថែមថា៖ «នាពេលឥឡូវនេះ កិច្ចពិភាក្សារួមមានមន្ត្រីកម្រិតការងារ ដែលពិភាក្សាពីបញ្ហាបច្ចេកទេស»៕