ការផ្ទុះដ៏ខ្លាំងក្លាជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញឃ្លាំងមួយក្នុងចំណោមឃ្លាំងស្តុកគ្រាប់រំសេវដ៏ធំបំផុតរបស់រុស្ស៊ី ធ្វើឲ្យមានសំណុំផ្សែង និងសំណុំអណ្តាតភ្លើងផុសលើអាកាស ។
ក្រុមអាជ្ញាធរក្នុងស្រុក បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតំបន់ Vladimir កាលពីថ្ងៃអង្គារ ជាទីដែលរូបភាពវីដេអូឃ្លីបបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ការផ្ទុះដំបូង បង្កឲ្យមានការផ្ទុះជាច្រើនទៀតនៅជិតទីក្រុង Barsovoស្ថិតនៅភាគខាងកើតទីក្រុងម៉ូស្គូ ជាទីដែលអគ្គនាយដ្ឋានមីស៊ីល និងកាំភ្លើងធំលេខ ៥១ រុស្ស៊ី ស្ថិតនៅ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមូលហេតុអ្វីបណ្តាលឲ្យមានការផ្ទុះនេះ ដែលបានកើតឡើងរយៈពេល ១ថ្ងៃមុនជុំថ្មីនៃកិច្ចប្រជុំស្វែងរកសន្តិភាពរវាងក្រុមមន្រ្តីសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុបនៅក្នុងទីក្រុងឡុងដ្រ៍ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបង្កើនកិច្ចខិតខំរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំនេះ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អគ្គិភ័យដែលបានឆាបឆេះឡើងនៅដឺប៉ូយោធា ដោយសារការបំពានបទដ្ឋានសុវត្ថិភាព ហើយពួកគេអះអាងថា គ្មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែមនុស្ស ៤នាក់ រងរបួស ៕