ក្រុមមន្រ្តីនិយាយថា នៅថ្ងៃពុធនេះ ក្រុមជួយសង្រ្គោះបន្ទាន់ បានព្យាយាមពន្លត់ភ្លើងទ្រង់ទ្រាយធំ ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុងធំបំផុតទី ២ Kharkivរបស់អ៊ុយក្រែន នៅក្នុងរលកនៃការវាយប្រហារមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅតំបន់ភាគខាងត្បូង ភាគខាងកើត និងភាគកណ្តាលប្រទេសអ៊ុយក្រែន ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន ឃើញអណ្តាតភ្លើងហ៊ុមព័ទ្ធអគារជាច្រើនខ្នង និងរថយន្ត ហើយក្រុមជួយសង្រ្គោះបន្ទាន់ ព្យាយាមបាញ់ទឹកពន្លត់អណ្តាតភ្លើង ។
ខណៈពេលនោះដែរ មនុស្ស ៩នាក់ ត្រូវបានសម្លាប់ ក្រោយយានដ្រួនរុស្ស៊ីវាយប្រហារលើរថយន្តក្រុងដឹកកម្មករនាព្រឹកថ្ងៃពុធនេះ នៅទីក្រុងភាគកណ្តាលឈៀងខាងត្បូង Marhanets ។
លោក Serhiy Lysak គឺជាអភិបាលតំបន់ Dnipropetrovsk និយាយថា មនុស្សយ៉ាងហោច ៣០នាក់ ផ្សេងទៀត បានរងរបួស ហើយចំនួនជនរងគ្រោះ អាចនឹងកើនឡើងបន្ថែមទៀត ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ស្របពេលក្រុមមន្រ្តីមកពីអង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក និងអ៊ុយក្រែន ត្រៀមរៀបចំកិច្ចប្រជុំមួយនៅក្នុងទីក្រុងឡូងដ្រ៍ដែលមានគោលដៅទទួលបានបទឈប់បាញ់នៅក្នុងជម្លោះ ៕