វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២៣ ខែមេសា) បានប្រាប់ឲ្យដឹងថា បណ្តាប្រទេសដែលបានចូលរួមនៅក្នុងកិច្ចចរចាសន្តិភាព ជុំវិញបញ្ហាអ៊ុយក្រែន នៅតែត្រូវការធ្វើឲ្យការយល់ឃើញខុសគ្នាកាន់តែរួមតូចបំផុត ហើយថា មាន «គំនិតខ្វែងគ្នាជាច្រើន» ដែលចាំបាច់ត្រូវដោះស្រាយ មុនពេលអាចសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ។
វិមានក្រឹមឡាំងបានធ្វើការអត្ថាធិប្បាយរបស់ខ្លួនបែបនេះ បន្ទាប់ពីកិច្ចចរចា រវាងមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានជួបនឹងភាពរអាក់រអួល នៅថ្ងៃពុធនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលុបចោលការធ្វើដំណើររបស់លោកទៅទីក្រុងឡុងដ្រ៍ភ្លាមៗ ហើយការចរចាត្រូវបានធ្វើឲ្យបាត់បង់ភាពសំខាន់។
ការទម្លាក់ភាពសំខាន់នៃការជជែកពិភាក្សានេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចបោះបង់តួនាទីជាអ្នកសម្របសម្រួល ប្រសិនបើមិនមានវឌ្ឈនភាពលើកិច្ចព្រមព្រៀងឆាប់ៗនេះទេ ហើយបន្ទាប់ពីសហរដ្ឋអាមេរិក បានបង្ហាញគំនិតមួយចំនួន សម្រាប់វិធីដែលជម្លោះនេះអាចត្រូវបានបញ្ចប់។
ព័ត៌មានលម្អិតដែលមិនអាចបញ្ជាក់បាននៃសំណើទាំងនោះ បានលេចចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ប៉ុន្តែវិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បានលើកឡើងថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើសំណើណាមួយនោះទេ ដែលខ្លះត្រូវបានពិពណ៌នាថា ជា «ព័ត៌មានក្លែងក្លាយ» ហើយការពិភាក្សាចាំបាច់ត្រូវតែធ្វើឡើងដោយស្ងៀមស្ងាត់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងក៏កំពុងបន្តទំនាក់ទំនងរបស់យើងផងដែរ ប៉ុន្តែពិតណាស់ មានការយល់ឃើញខុសគ្នាជាច្រើន ជុំវិញដំណោះស្រាយ ដែលចាំបាច់ត្រូវតែមាន។ គោលជំហរចាំបាច់ត្រូវស្របគ្នា។ ការងារនេះកំពុងបន្តមាន»។
លោក Peskov បានបន្ថែមថា រុស្ស៊ីកំពុងបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីដំណោះស្រាយដែលអាចកើតមាន ប៉ុន្តែមិនបានទាក់ទងជាមួយអឺរ៉ុប ឬអ៊ុយក្រែន លើប្រធានបទនេះទេ។ លោកបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែបើកចំហរឲ្យមានការពិភាក្សាជាមួយគ្រប់ភាគីទាំងអស់៕