ប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃពុធ (ទី២៣ ខែមេសា) បានអំពាវនាវដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសឲ្យប្រគល់ការទទួលខុសត្រូវ ចំពោះតំបន់ហ្កាហ្សាស្ទ្រីប ប្រគល់អាវុធរបស់ខ្លួនទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ហើយប្រែក្លាយក្រុមទៅជាគណបក្សនយោបាយ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស បានបដិសេធការអំពាវនាវក្នុងប៉ុន្មានខែថ្មីៗនេះពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលឲ្យខ្លួនទម្លាក់អាវុធចុះ។
លោក Abbas បានធ្វើការកត់សម្គាល់របស់លោកបែបនេះ នៅក្នុងសុន្ទរកថាមួយ អំឡុងពេលមានកិច្ចប្រជុំនៅទីក្រុង Ramallah នៃតំបន់ West Bank ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងតែងតាំងអ្នកស្នងតំណែង ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីឆ្លើយតបនឹងការមិនទុកចិត្តជាអន្តរជាតិ លើលទ្ធភាពរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងពេលវេលាដ៏សំខាន់ សម្រាប់តំបន់នេះ។
លោក Abbas បាននិយាយថា៖ «ក្រុមហាម៉ាសត្រូវតែប្រគល់ការទទួលខុសត្រូវរបស់ខ្លួន សម្រាប់តំបន់ហ្កាហ្សា ហើយប្រគល់អាវុធរបស់ខ្លួនទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ហើយប្រែក្លាយក្រុមទៅជាគណបក្សនយោបាយ»។
លោក Abbas បានរិះគន់ការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលលោកបាននិយាយថា បានផ្តល់ឱកាសឲ្យអ៊ីស្រាអែលយកធ្វើជាលេស ដើម្បីបំផ្លាញតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស នាពេលនោះ៕