ទីភ្នាក់ងារគ្រោះមហន្តរាយ AFAD របស់ប្រទេសទួរគី បានឲ្យដឹងថា រញ្ជួយដីដ៏ខ្លាំងកម្រិត ៦,២រ៉ិចទ័រ បានអង្រួនទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃពុធ (ទី២៣ ខែមេសា) ជាការរញ្ជួយមួយ ក្នុងចំណោមរញ្ជួយដីដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារទីក្រុងមានប្រជាជន ១៦លាននាក់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ អំពីការខូចខាតនៅឡើយទេ ប៉ុន្តែមនុស្សម្នាត្រូវបានជម្លៀសចេញពីអគារនានា ខណៈដែលរញ្ជួយដីបានវាយប្រហារ និងអង្រួនទីក្រុងដែលមានទីតាំងនៅលើច្រាំងច្រកសមុទ្រ Bosphorus ដែលជាប់ទាំងផ្នែកអឺរ៉ុប និងអាស៊ី។
ចំណុចកណ្តាលនៃរញ្ជួយដីនេះដែលបានកើតមានឡើងនៅម៉ោង ១២:៤៩នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:៤៩នាទី ម៉ោងសកល) ស្ថិតនៅក្នុងតំបន់ Silivri ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុងអ៊ីស្តង់ប៊ុល។ AFAD បានឲ្យដឹងបន្ថែមថា រញ្ជួយដីនេះមានជម្រៅ ៦,៩២គីឡូម៉ែត្រ។
ទូរទស្សន៍ TGRT បានរាយការណ៍ថា មនុស្សម្នាក់បានរងរបួសដោយសារការលោតចេញពីយ៉មុខផ្ទះ អំឡុងពេលមានរញ្ជួយដី ដែលបានកើតឡើងនៅថ្ងៃឈប់សម្រាកសាធារណៈ ក្នុងប្រទេសទួរគី។ AFAD បានហាមប្រជាជនក្នុងតំបន់កុំឲ្យចូលទៅក្នុងអគារដែលរងការខូចខាត៕