នៅចំហៀងផ្ទះស្ថិតនៅក្នុងទីក្រុង Bukavu អ្នកស្រី Mapendo M'wa Bushenyula ប្រឹងហាលខោអាវសម្រាប់កូនៗ ៧នាក់នៅក្នុងបន្ទុករបស់អ្នកស្រី ។
កូនៗក្នុងបន្ទុកទាំងនោះ រួមទាំងកុមារកំពា្រវ័យ ៨ឆ្នាំម្នាក់ដែលម្តាយរបស់គេត្រូវបានគេបាញ់សម្លាប់ ពេលពួកគេរត់គេចចេញពីអំពើហិង្សានៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
ស្របពេលដែលកិច្ចប្រជុំរវាងរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាម M23ចេះតែអូសបន្លាយពេល អ្នកស្រី Bushenyula និយាយថា អ្នកស្រីប្រឈមនឹងការលំបាកច្រើនណាស់ក្នុងការរស់នៅ ។
ដោយរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរងការខូចខាតនៅទីក្រុង Nyangezi អ្នកស្រីត្រូវបានយកមករស់នៅជាមួយដោយស្រ្តីម្នាក់នៅទីក្រុង Bukavu គឺជាទីក្រងដែលត្រូវបានរឹបអូសដោយក្រុមឧទ្ទាម M23 កាលពីដើមឆ្នាំនេះ ។
អ្នកស្រីនិយាយថា ការទទួលទានគឺជាបញ្ហាប្រឈមសំខាន់ ។ អ្នកស្រីមានកូន ហើយខ្ញុំមានកូនរហូតដល់ ៩នាក់ ពួកយើង ៣០នាក់ ទទួលអាហារតែមួយចានប៉ុណ្ណោះ ពួកយើងបរិភោគ ដើម្បីកុំឲ្យក្រពះរើប៉ុណ្ណោះ វាមិនល្អទាល់តែសោះ ពួកយើងបួងសួងដល់ព្រះ ឲ្យអ្នករាល់គ្នាបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។
ជម្លោះអូសបន្លាយពេលយូរនៅភាគខាងកើតកុងហ្គោ បានឡើងកម្តៅខ្លាំងកាលពីខែមករា ។ មនុស្សរាប់លាននាក់ ត្រូវបានជម្លៀសខ្លួន ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ ។
ក្រុមឧទ្ទាម M23ដែលអង្គការសហប្រជាជាតិ(UN) និងរដ្ឋាភិបាលលោកខាងលិចនិយាយថា ទទួលបានការគាំទ្រពីប្រទេសរ៉្វាន់ដានោះ បានរុលចូលខ្លាំង និងដណ្តើមបានការគ្រប់គ្រងដែនដីសម្បូររ៉ែជាច្រើន ៕

