បាល់ទាត់៖ បន្ទាប់ពីក្លាយជាវីរបុរសរបស់ក្លិបបឹងកេត ក្នុងការស៊ុតគ្រាប់បាល់សម្រេចជោគវាសនា លើកពានលីគកំពូលកម្ពុជាឆ្នាំ២០២០ កាលពីថ្មីៗ ខ្សែប្រយុទ្ធ Dzarma Bata បានបង្ហើបថា ខ្លួននឹងបន្ដរួមរស់ជាមួយក្រុមនាគខៀវនេះបន្ដទៀត ប្រសិនបើប្រធានក្លិបចង់ឲ្យរូបគេនៅបន្ដ។
កីឡាករនីហ្សេរីយ៉ារូបនេះបានសម្ដែងនូវការសប្បាយចិត្ត ក្រោយបានជួយបឹងកេតគ្រងជើងឯកលីគកំពូលកម្ពុជាជាលើកទី២ បើគិតចាប់ពីឆ្នាំ២០១៦។ Bata បន្ដថា ទោះបានលេងត្រឹមពាក់កណ្ដាលរដូវកាល តែខ្លួនពិតជាពេញចិត្ត ហើយបើមានឱកាសខ្លួនក៏នឹងនៅជួយក្រុមបន្ដទៀតដែរ។ គួរបញ្ជាក់ថា Dzarma Bata គឺជាកីឡាករមានបទពិសោធន៍ជោគជាំម្នាក់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាដោយធ្លាប់លេងឲ្យក្លិបជាច្រើន រួមមានព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុប, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ។
ពិសេសគេធ្លាប់បានជួយក្រុមបឹងកេត លើកពានលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៦ ម្ដងរួចមកហើយ មុនត្រូវបានក្រុមនាគខៀវនេះខ្ចីជើងពីក្លិបអង្គរថាយហ្គឺរ មកជួយក្រុមជាថ្មីនៅពាក់កណ្ដាលរដូវកាលឆ្នាំ២០២០ រហូតរួមចំណែកជួយក្រុមលើកពានម្ដងទៀត ដោយរក្សាកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ៕
អត្ថបទ៖ លី ឈុនឡា