កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស គឺក្រុមកងពលតូច Al-Qassam កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចេញផ្សាយវីដេអូបង្ហាញពីចំណាប់ខ្មាំងអ៊ីស្រាអែលដែលអំពាវនាវឱ្យមានការដោះដូរអ្នកទោសជាបន្ទាន់ ជាការប៉ុនប៉ងថ្មីដើម្បីជំរុញឱ្យមានការចរចស្របពេលមានអរិភាពកំពុងបន្ត។
នៅក្នុងវីដេអូនោះ ចំណាប់ខ្មាំងបានកំណត់អត្តសញ្ញាណខ្លួនឯងថាឈ្មោះ Omri Miran ដោយនិយាយថារូបលោកត្រូវបានឃុំខ្លួនអស់រយៈពេលមួយឆ្នាំកន្លះនៅតំបន់ហ្កាហ្សាស្ទ្រីប។លោក Miran ត្រូវបានចាប់ពីតំបន់ Kibbutz Nahal Oz កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាសទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ថ្មីៗនេះលោកមានអាយុ៤៨ ឆ្នាំដែលជាថ្ងៃខួបកំណើតទីពីររបស់លោកក្នុងពេលជាប់ឃុំ។
លោក Miran បាននិយាយនៅក្នុងវីដេអូថា លោកបានឈានចូដល់ថ្ងៃកំណើតទីពីររបស់លោកនៅទីនេះ ហើយមិនអាចធ្វើពិធីខួបកំណើតបានទេ។ មិនមានភាពរីករាយទេ មានតែការភ័យខ្លាចប៉ុណ្ណោះ ។លោកជំរុញអាជ្ញាធរអ៊ីស្រាអែលឲ្យបន្តកិច្ចព្រមព្រៀងដោះដូរអ្នកទោសឲ្យបានលឿន ដោយព្រមានថាចំណាប់ខ្មាំងប្រឈមហានិភ័យនៃការស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
លោកបាននិយាយថា ចំណាប់ខ្មាំងទាំងអស់ដែលនៅមានជីវិត ត្រូវរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរនៃការទម្លាក់គ្រាប់បែក ហើយបើគ្មានកិច្ចព្រមព្រៀងទេ ពួកលោកទាំងអស់គ្នាមានតែផ្លូវស្លាប់ប៉ុណ្ណោះ។
ចំណាប់ខ្មាំងរូបនេះ បានផ្ញើសារទៅកាន់សាធារណៈជនអ៊ីស្រាអែល ដោយជំរុញឱ្យមានបាតុកម្មទ្រង់ទ្រាយធំនៅខាងក្រៅលំនៅដ្ឋានរបស់នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu ។ លោកបាននិយាយថា កុំជឿលោក Netanyahu សម្ពាធយោធាកំពុងសម្លាប់ចំណាប់ខ្មាំងទៅវិញទេ។ មានតែការដោះដូរអ្នកទោសប៉ុណ្ណោះដែលនឹងនាំពួកលោកត្រឡប់ទៅផ្ទះវិញបាន ដោយបន្ថែមថាក្រុមអ្នកគាំទ្រនាយករដ្ឋមន្រ្តី មិនខ្វល់ពីជោគវាសនារបស់ពួកលោកជាប់ឃុំក្នុងដៃក្រុមហាម៉ាសទេ៕