លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោករំពឹងថា លោក Vlodimir Zelensky នឹងមាន“ភាពងាយស្រួលក្នុងការដោះស្រាយ” ជាងប្រធានាធិបតីរុស្ស៊ី Vladimir Putin ប៉ុន្តែបានបង្ហាញថា លោកនៅតែសង្ឃឹមថា ក្រុងគីវ នឹងទទួលយកសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក Trump និយយាថារុស្ស៊ីងាយនិយាយជាងខាងភាគីអ៊ុយក្រែន។ លោកធ្លាប់បានចោទប្រកាន់លោក Zelensky ពីបទបំផ្លាញកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពរបស់លោក។

លោក Zelensky បានច្រានចោលជាសាធារណៈនូវចំណុចសំខាន់មួយនៅក្នុងក្របខ័ណ្ឌសន្តិភាពដែលបានស្នើឡើងដោយអាមេរិក ដោយទទូចនៅដើមសប្តាហ៍នេះថាទីក្រុងគីវ នឹងមិនពិភាក្សាអំពីការទទួលស្គាល់តំបន់គ្រីម៉េ (Crimea) ជាផ្លូវការថាជាទឹកដីរបស់រុស្ស៊ីនោះទេ។ សេតវិមានបានរិះគន់រូបលោកចំពោះការបង្ហាញពីព័ត៌មានលម្អិតដ៏រសើបនៃការចរចា ខណៈប្រធានាធិបតី Trump បានព្រមានថាលោកនឹងប្រឈមការបាត់បង់ប្រទេសទាំងមូល ប្រសិនបើបណ្ដោយទុកឲ្យការចរចាជាមួយទីក្រុងមូស្គូនៅជាប់គាំងតទៅទៀត។
លោក Trump បានប្រាប់អ្នកកាសែតនៅសេតវិមានកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកគិតថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ លោកគិតថាយើងមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ យើងត្រូវទទួលបានកិច្ចព្រមព្រៀងជាមួយលោក Zelensky ។
ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា មិនអីទេ ដោយបង្ហាញក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសទាំងពីរ ។
កាលពីព្រឹកថ្ងៃពុធនោះដែរ លោក Trump បានព្រមានក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth ថាលោក Zelensky មានជំហរចរចារទន់ខ្សោយ។ ស្ថានភាពសម្រាប់អ៊ុយក្រែនគឺធ្ងន់ធ្ងរ ។ចាំមើលថាតើលោកZelensky អាចមានសន្តិភាព ឬអាចតស៊ូបីឆ្នាំទៀតមុនពេលបាត់បង់ប្រទេសទាំងមូលឬអត់៕