ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បាននិងកំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ។
តាមរយៈហ្វេសហ៊ុកនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នកាលពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ ពេលនេះកំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។

ឯកឧត្ដម ផន រឹម បានបន្តថា ក្រៅពីការងារអ៊ុតកៅស៊ូ យើងនៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។ តាមគម្រោង យើងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ឯកឧត្ដម សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសុខសវត្ថិភាព និងរីករាយ មោទកភាពជាមួយសមិទ្ធផលជាតិក្រោមម្លប់សុខសន្តិភាព។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ៕


