អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃពុធ (២៣ មេសា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងតែខកចិត្តជាមួយនឹងល្បឿននៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Volodymyr Zelenskiy កំពុងតែធ្វើដំណើរទៅក្នុងទិសដៅខុសជុំវិញកិច្ចចរចាសន្តិភាពនេះ។

លោកស្រី Leavitt បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា "លោកប្រធានាធិបតី Trump មានការខកចិត្ត ហើយការអត់ធ្មត់របស់លោកកំពុងធ្លាក់ចុះ ព្រោះលោកចង់មើលឃើញសន្តិភាព ការបញ្ឈប់ការកាប់សម្លាប់ ហើយភាគីទាំងពីរនៃសង្រ្គាមត្រូវមានឆន្ទៈធ្វើដូច្នេះ ប៉ុន្តែជាអកុសល លោក Zelenskiy ហាក់ដូចជាកំពុងដើរក្នុងទិសដៅខុស"។

លោកស្រី Leavitt បានបញ្ជាក់ម្តងទៀតនូវការលើកឡើងពីមុនរបស់លោក Trump ដោយនិយាយថា អ៊ុយក្រែននឹងមិនត្រូវបានស្នើឱ្យទទួលស្គាល់តំបន់គ្រីម៉េ ជារបស់រុស្ស៊ីទេ ស្របពេលមានរបាយការណ៍ព័ត៌មានដែលថា អាមេរិកអាចទទួលស្គាល់តំបន់គ្រីម៉េ ថារបស់ជារុស្ស៊ី ក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន។ អ្នកនាំពាក្យរូបនេះបន្តថា លោក Trump ចង់ឱ្យអ៊ុយក្រែន និងរុស្ស៊ីធ្វើសម្បទានខ្លះ និងបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមនោះ។
ការអត្ថាធិប្បាយរបស់សេតវិមាននេះ កើតឡើងស្របពេលលោក Trump និងលោក Zelenskiy បានប៉ះទង្គិចពាក្យសម្ដីគ្នាជាថ្មីម្ដងទៀត ជុំវិញការលើកឡើងរបស់លោក Zelenskiy ដែលនិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់គ្រីម៉េ ថាជាទឹកដីរុស្ស៊ីដោយស្របច្បាប់នោះទេ ព្រោះនោះជាការដាក់បញ្ចូលទឹកដីដោយបំពានច្បាប់អន្តរជាតិ៕