ពលរដ្ឋប៉ាឡេស្ទីន បាននិយាយថា អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងបានចូលលួចសត្វចិញ្ចឹម នៅតំបន់ West Bank កាលពីថ្ងៃពុធ។ រចនាសម្ព័ន្ធដែលរងការបំផ្លាញ និងផ្សែង អាចត្រូវបានគេមើលឃើញនៅក្នុងភូមិ Sinjil ដែលអ្នកស្រុកបាននិយាយថាបណ្តាលមកពីការវាយប្រហារពីរលើកក្នុងរយៈពេលពីរថ្ងៃធ្វើឡើងដោយអ្នកតាំងលំនៅ។
អ្នកស្រុក តំបន់West Bank បាននិយាយថា «ថ្ងៃនេះក៏ដូចគ្នាដែរ ពួកគេបានចូលមកតំបន់ដដែល ហើយចាកចេញទៅវិញដោយពួកគេបានបិទមុខដូចជាពួកម៉ាហ្វៀ ពួកគេបានដុតកន្លែងរស់នៅរបស់ខ្ញុំ ធ្វើឱ្យខូចខាត និងបំផ្លាញធុងទឹក»។
តំបន់ West Bank ជាតំបន់មានផ្ទៃដីប្រហែល ៥.៦០០គីឡូម៉ែត្រក្រឡា ស្ថិតនៅចន្លោះប្រទេសហ្ស៊កដានី និងអ៊ីស្រាអែល គឺជាចំណុចស្នូលនៃជម្លោះច្រើនសវត្សរ៍មកហើយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចាប់តាំងពីតំបន់នេះត្រូវបានអ៊ីស្រាអែលដណ្តើមយក នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ។
ចាប់តាំងពីពេលនោះមក វាស្ថិតក្រោមការកាន់កាប់ដោយយោធា ប៉ុន្តែត្រូវបានមើលឃើញដោយប៉ាឡេស្ទីនថាជាផ្នែកស្នូលនៃរដ្ឋឯករាជ្យភាពនាពេលអនាគត ប៉ុន្តែវាត្រូវបានកាត់យកជាលំដាប់ដោយក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ដែលបានរាលដាលយ៉ាងឆាប់រហ័សពាសពេញដែនដីនេះ។
ការតាំងទីលំនៅរបស់អ៊ីស្រាអែល ត្រូវបានប្រទេសភាគច្រើន ចាត់ទុកថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ ទោះបីជាអ៊ីស្រាអែលប្រឆាំងនឹងរឿងនេះក៏ដោយ។