រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើង នៅមុនកិច្ចពិភាក្សារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ២៦ មេសា ខាងមុខនេះថា អ៊ីរ៉ង់ នឹងត្រូវតែបញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងថ្មីណាមួយជាមួយសហរដ្ឋអាមេរិក ហើយអាចនាំចូលតែអ្វីដែលចាំបាច់សម្រាប់កម្មវិធីនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់ច្បាស់ៗថា សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមមិនអាចចរចាបានទេ។ នៅពេលត្រូវសាកសួរពីការអត្ថាធិប្បាយរបស់លោក Rubio មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់ បាននិយាយម្តងទៀតកាលពីថ្ងៃពុធ (២៣ មេសា) ថា "កម្រិតចម្រាញ់ស្មើសូន្យគឺមិនអាចទទួលយកបានឡើយ"។

លោក Rubio បានលើកឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា "មានផ្លូវទៅកាន់កម្មវិធីនុយក្លេអ៊ែរស៊ីវិល និងសន្តិភាព ប្រសិនបើអ៊ីរ៉ង់ចង់បាន"។ លោកបន្តថា "ប្រសិនបើអ៊ីរ៉ង់ ចង់បានកម្មវិធីនុយក្លេអ៊ែរស៊ីវិល ពួកគេអាចធ្វើបានដោយនាំចូលសម្ភារៈបរិក្ខារ តែមិនត្រូវចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមខ្ពស់នោះទេ"។
ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ត្រៀមជួបប្រជុំគ្នានៅអូម៉ង់ នៅថ្ងៃសៅរ៍ខាងមុខ សម្រាប់កិច្ចចរចាជុំទី៣ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ អាមេរិក ចង់រារាំងអ៊ីរ៉ង់ ពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ហើយលោកប្រធានាធិបតី Donald Trump បានដាក់យុទ្ធនាការ "សម្ពាធអតិបរមា" នៃទណ្ឌកម្ម និងគំរាមប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៊ីរ៉ង់ មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ៊ីរ៉ង់ បដិសេធថាខ្លួនមិនចង់បង្កើតអាវុធនុយក្លេអ៊ែរទេ ហើយនិយាយថាកម្មវិធីនុយក្លេអ៊ែរខ្លួនគឺមានសន្តិភាព៕