រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Sergii Marchenko កាលពីថ្ងៃពុធ (២៣ មេសា) ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បន្ទាប់ពីអាមេរិក និងអ៊ុយក្រែន ឈានដល់អនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា លោករំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយទីក្រុងគីវក្នុងសប្តាហ៍នេះ។

ការប៉ុនប៉ងលើរឿងនេះកាលពីខែកុម្ភៈ ត្រូវបានបំផ្លាញ បន្ទាប់ពីការទាស់សម្ដីគ្នានៅការិយាល័យ Oval Office រវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ជាមួយលោក Trump។

ក្រសួងរតនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោក Bessent បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អាមេរិក ចំពោះអធិបតេយ្យភាពអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់អាមេរិក ក្នុងការធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី"។
ទីក្រុងវ៉ាស៊ីនតោន បានគំរាមដើរចេញពីកិច្ចប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន លុះត្រាតែមានសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះ លោក Trump និងលោក Zelenskiy បានប៉ះទង្គិចពាក្យសម្ដីគ្នាម្តងទៀតកាលពីថ្ងៃពុធ លើកិច្ចចរចាសន្តិភាព ដោយលោក Trump បានរិះគន់លោក Zelenskiy ចំពោះការបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ី លើតំបន់គ្រីម៉េ៕