វិមានក្រឹមឡាំង បានសង្កត់ធ្ងន់កាលពីថ្ងៃពុធ (២៣ មេសា) ថា សន្តិភាពក្នុងប្រទេសអ៊ុយក្រែន អាចសម្រេចទៅបាន លុះត្រាតែទីក្រុងគីវ ព្រមដកកងទ័ពចេញពីទឹកដីនានារបស់ខ្លួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Le Point ប្រចាំសប្តាហ៍របស់បារាំង ក្នុងបទសម្ភាសន៍មួយថា "ប្រសិនបើអ៊ុយក្រែន ដកទ័ពចេញពីតំបន់ទាំង៤ ដែលរុស្ស៊ីគ្រប់គ្រង នោះ សន្តិភាពអាចទៅរួច" ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃការបញ្ចប់ជម្លោះក្រោមលក្ខខណ្ឌបែបនេះ។

នៅថ្ងៃពុធដដែលនេះ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា បណ្តាប្រទេសដែលចូលរួមនៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅតែត្រូវការបង្រួមការខ្វែងគំនិតគ្នារបស់ពួកគេ ហើយថាមាន "គំនិតមិនត្រូវគ្នាជាច្រើន" ដែលចាំបាច់ត្រូវដោះស្រាយ មុនពេលកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន។

ព័ត៌មានលម្អិតនៃសំណើសន្តិភាពអ៊ុយក្រែន ដែលមិនអាចបញ្ជាក់ជាផ្លូវការបាន កំពុងលេចចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាការបង្កកសមរភូមិបច្ចុប្បន្ន និងការទទួលស្គាល់ទឹកដីកាន់កាប់ជាដើម ប៉ុន្តែវិមានក្រឹមឡាំងនិយាយថា ខ្លួននឹងមិនអត្ថាធិប្បាយជាសាធារណៈលើរបាយការណ៍ណាមួយនោះទេ ដែលខ្លះត្រូវបានពិពណ៌នាថាជា "ព័ត៌មានក្លែងក្លាយ" ហើយកិច្ចពិភាក្សាចាំបាច់ត្រូវតែធ្វើឡើងដោយស្ងៀមស្ងាត់៕