សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃពុធ (២៣ មេសា) ដោយដកស្រង់សម្តីប្រភពជាច្រើនថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងលើកលែងពន្ធមួយចំនួនដល់ក្រុមហ៊ុនផលិតរថយន្ត បន្ទាប់ពីការបញ្ចុះបញ្ចូលយ៉ាងខ្លាំងដោយបណ្ដានាយកប្រតិបត្តិឧស្សាហកម្មក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

របាយការណ៍និយាយថា គ្រឿងបន្លាស់រថយន្តនឹងត្រូវបានលើកលែងពីពន្ធ ដែលលោក Trump កំពុងដាក់លើការនាំចូលពីចិន ជុំវិញសារធាតុហ្វង់តានីល ហើយក៏នឹងត្រូវបានលើកលែងពីពន្ធ ដែលដាក់លើដែកថែប និងអាលុយមីញ៉ូមផងដែរ។

យ៉ាងណាមិញ ការលើកលែងនេះមិនរាប់បញ្ចូលពន្ធ ២៥% ដែលលោក Trump បានដាក់លើរាល់ការនាំចូលរថយន្តដែលផលិតពីបរទេសទេ ខណៈរបាយការណ៍បានឱ្យដឹងថា ពន្ធ ២៥% លើគ្រឿងបន្លាស់រថយន្តនាំចូលពីបរទេស ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ ក៏នឹងបន្តផងដែរ។
សម្បទាននេះនឹងក្លាយជាជ័យជម្នះដំបូងសម្រាប់វិស័យរថយន្ត និងការដកថយមួយទៀតដោយលោក Trump លើពន្ធដ៏កម្រោលបំផុតរបស់លោក ស្របពេលមានក្ដីបារម្ភថា ការដំឡើងពន្ធនឹងជំរុញតម្លៃរថយន្តនៅសហរដ្ឋអាមេរិក រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបណ្តាលឱ្យបាត់បង់ការងារ៕