មន្ត្រីពេទ្យប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា អ្នកជំងឺតម្រងនោមជាង ៤០០នាក់ បានស្លាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរនូវការព្យាបាលនិងថ្នាំពេទ្យដ៏ចាំបាច់។

ក្រុមមន្ត្រីបានប្រាប់អ្នកយកព័ត៌មាន នៅមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្កាហ្សាថា ចំនួនអ្នកស្លាប់ តំណាងឲ្យប្រហែល ៤២% នៃចំនួនអ្នកជំងឺតម្រងនោមសរុប នៅក្នុងដែនដីឆ្នេរដែលត្រូវបានហ៊ុមព័ទ្ធនេះ។
មន្ត្រីបាននិយាយថា អ្នកជំងឺប្រមាណ ១១នាក់ ដែលត្រូវការលាងឈាម បានស្លាប់ ចាប់តាំងពីខែមីនា ដោយសារប្រព័ន្ធសុខាភិបាល បន្តដួលរលំ ក្រោមសម្ពាធនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្ត និងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រយ៉ាងធ្ងន់ធ្ងរ។

លោក Abdullah al-Qishawi ប្រធានផ្នែកជំងឺសរសៃប្រសាទនៅមន្ទីរពេទ្យ Al-Shifa បាននិយាយថា អ្នកជំងឺប្រហែល ១.១០០នាក់ ដែលមានជំងឺតម្រងនោម បានទទួលការលាងឈាម មុនពេលមានជម្លោះ។ ក្នុងចំណោមនោះ មានអ្នកជំងឺប្រហែល ៤១៦នាក់ បានស្លាប់។
លោកបានបន្តថា វគ្គលាងឈាមត្រូវបានកាត់បន្ថយពី ៣ដង មកត្រឹម ២ដង សម្រាប់អ្នកជំងឺម្នាក់ ក្នុងមួយសប្តាហ៍។ លោកបានព្រមានដោយលើកឡើងពីហានិភ័យនៃការប្រមូលផ្តុំជាតិពុលក្នុងខ្លួនអ្នកជំងឺថា៖ «ទោះជាយ៉ាងណា ដំណោះស្រាយនេះ មិនអាចស្ថិតស្ថេរបានយូរឡើយ»។
លោកបានកត់សម្គាល់ឃើញថា មន្ទីរពេទ្យជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ចំពេលមានការកើនឡើងនៃចំនួនអ្នករបួស និងការផ្លាស់ទីលំនៅជាបន្តបន្ទាប់នៃអ្នកស្រុកពីតំបន់ព្រំដែន ទៅកាន់ភាគកណ្តាល និងភាគខាងលិចនៃតំបន់នោះ។