អង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ មេសា នេះ ថា ការវាយប្រហារលាយឡំគ្នាដោយមីស៊ីលនិងយានដ្រូនរបស់រុស្សីកាលពីពេលយប់ បង្កឱ្យមានអគ្គិភ័យ បំផ្លាញអគារ និង បណ្តាលឲ្យអ្នកស្រុកកប់ក្រោមគំនរបាក់បែកក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែន និងបានសម្លាប់មនុស្ស ៩ នាក់ ហើយជាង៧០ នាក់រងរបួស។

កុមារ៦នាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមអ្នករងរបួស។ អង្គភាពសេវាសង្គ្រោះបន្ទាន់ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការនៅទីតាំងចំនួន១៣កន្លែងក្នុងរដ្ឋធានី ដោយមានអ្នកជំនាញឡើងអគារ និងសត្វសុនខហិតក្លិន។
អគ្គិភ័យបានឆាបឆេះយានដ្ឋាន អគាររដ្ឋបាល ហើយបំណែកដែកបានធ្លាក់មកលើរថយន្ត។ ការព្រមានអំពីការវាយឆ្មក់តាមអាកាស បានចូលជាធរមាននៅក្នុងរដ្ឋធានី រយៈពេលប្រាំមួយម៉ោង។

អង្គភាពសេវាសង្គ្រោះបន្ទាន់ និយាយថា ការវាយប្រហារនេះបានបំផ្លាញ និងធ្វើឲ្យខូចខាតអគារលំនៅឋាន ហើយមនុស្សជាច្រើនអាចជាប់នៅក្រោមគំនរបាក់បែក។ ក្រុមជួយសង្គ្រោះ ត្រូវបានគេមើលឃើញកំពុងសម្អាតកម្ទេចកម្ទីថ្មពីប្លុកអគារលំនៅឋានដែលត្រូវបានបំផ្លាញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។