នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងដូហា ប្រទេសកាតា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) បានប្ដេជ្ញាធ្វើការឆ្ពោះទៅរកសន្តិភាព ក្រោយអំពើហិង្សាផ្ទុះកាន់តែខ្លាំង កាលពីខែមករា ដែលបង្កើនការភ័យខ្លាចពីការមានសង្គ្រាមក្នុងតំបន់កាន់តែធំឡើងៗ។
កិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងសេចក្ដីថ្លែងការណ៍នេះ បានបង្កើនក្តីសង្ឃឹមដ៏ស្ដួចស្ដើង ដែលថា វដ្តនៃអំពើហិង្សាចុងក្រោយបង្អស់ នៅក្នុងជម្លោះរយៈពេលជាច្រើនទស្សវត្សរ៍ដែលចាក់ឫសដោយសារអំពើប្រល័យពូជសាសន៍រ៉្វាន់ដា អាចនឹងធូរស្រាល។ ប៉ុន្តែប្រភពនៅក្នុងគណៈប្រតិភូទាំង២ បានសម្តែងការខកចិត្តចំពោះល្បឿននៃការចរចានេះ។
ភាគីនីមួយៗ បានចេញសេចក្តីថ្លែងការណ៍ដូចគ្នាដាច់ដោយឡែកពីគ្នា បន្ទាប់ពីគណៈប្រតិភូរបស់ពួកគេបានចាកចេញពីប្រទេសកាតាកាលពីដើមសប្តាហ៍នេះ ក្រោយមានការពិភាក្សាអស់រយៈពេលជាង ១សប្តាហ៍។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ភាគីទាំង២ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបញ្ឈប់ជាបន្ទាន់នូវអរិភាព ការបដិសេធជាដាច់ខាតនូវការប្រើប្រាស់ពាក្យសំដីស្អប់ខ្ពើម ការបំភិតបំភ័យ និងអំពាវនាវឲ្យសហគមន៍មូលដ្ឋានបន្តរក្សាការប្តេជ្ញាចិត្តទាំងនេះ»។
សេចក្តីថ្លែងការណ៍បានពណ៌នាការពិភាក្សារបស់ពួកគេថា ប្រកបដោយ «ភាពស្មោះត្រង់ និងស្ថាបនា» ប៉ុន្តែវាមិនច្បាស់ទេថា តើការចរចាមួយផ្សេងទៀត នឹងធ្វើឡើងនៅពេលណានោះ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 បានចាប់ផ្តើមរុលទៅមុខដោយមិនស្មានដល់ ចាប់តាំងពីខែមករា ដោយបានដណ្តើមកាន់កាប់ទីក្រុងធំជាងគេចំនួន២ របស់កុងហ្គោភាគខាងកើត អំឡុងការវាយលុកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កើនការភ័យខ្លាចពីការរាលដាលសង្គ្រាមក្នុងតំបន់កាន់តែធំឡើងៗ៕