ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ដល់ប្រទេសលីបង់ ក្នុងគោលបំណងជួយសម្រួលដល់ការដាច់ចរន្តអគ្គិសនីដែលកាន់តែអាក្រក់ឡើងដោយសង្គ្រាមកាលពីឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
សូម្បីតែមុនពេលមានជម្លោះក៏ដោយ ក៏ប្រទេសលីបង់ បានជួបបញ្ហាជាច្រើនឆ្នាំ ជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ។
យ៉ាងណាក៏ដោយបន្ទាប់ពីជម្លោះនេះ ធនាគារពិភពលោក បាននិយាយថា ប្រទេសនេះ នឹងត្រូវការប្រហែល ១១ ពាន់លានដុល្លារសម្រាប់ការកសាង និងស្តារឡើងវិញ។
ការប្រយុទ្ធគ្នារវាងក្រុមគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបញ្ចប់ភាគច្រើននៅក្នុងខែវិច្ឆិកា តាមរយៈបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ទោះបីជាភាគីទាំងពីរ ចោទប្រកាន់គ្នាទៅវិញទៅមកថា មិនបានអនុវត្តកិច្ចព្រមព្រៀងទាំងស្រុងក៏ដោយ។
ប្រទេសលីបង់ បាននិយាយថា ខ្លួនបានទទួលការយល់ព្រមជាបឋមក្នុងការបង្កើនប្រាក់កម្ចីសាងសង់ឡើងវិញរបស់ធនាគារពិភពលោកដល់ ៤០០លានដុល្លារពី ២៥០លានដុល្លារ។ ប្រាក់កម្ចីនេះ គឺជាផ្នែកមួយនៃកម្មវិធីសាងសង់ឡើងវិញចំនួន ១ពាន់លានដុល្លារ ដោយការផ្តល់ហិរញ្ញប្បទានដែលនៅសល់ គឺបានមកពីជំនួយអន្តរជាតិ។