
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា មីយ៉ាន់ម៉ាកំពុងត្រៀមសម្របសម្រួលជាមួយប្រេសិតពិសេសដែលចាត់តាំងដោយប្រធានអាស៊ានថ្មី សម្រាប់អនុវត្តការព្រមព្រៀង ៥ចំណុចសម្រាប់ដំណោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ បន្ទាប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃរបស់លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលចាត់តាំងដោយរដ្ឋាភិបាលយោធា។
ដំណើរទស្សនកិច្ចរបស់លោក វុនណា ម៉ោងល្វីន បានធ្វើឡើងនៅចំពេលដែលកម្ពុជាត្រូវធ្វើជាប្រធានប្ដូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាននៅឆ្នាំក្រោយនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានជួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មីយ៉ាន់ម៉ារង់ចាំស្វាគមន៍ និងសម្របសម្រួលជាមួយប្រេសិតពិសេស ដែលកម្ពុជានឹងត្រូវចាត់តាំងឡើងក្នុងនាមជាប្រធានអាស៊ាន ដើម្បីអនុវត្តចំណុចទាំង ៥ ដែលត្រូវបានព្រមព្រៀងដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាកន្លងមកនេះ។
ក្នុងកិច្ចប្រជុំពិសេសនាពេលនោះ មេដឹកនាំប្រទេសដទៃទៀតជាសមាជិកអាស៊ាន បានទាមទារឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា បញ្ឈប់ការសម្លាប់មនុស្ស ដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយងាកទៅរកកិច្ចសន្ទនាជាមួយគូប្រជែងនយោបាយឱ្យបានឆាប់ និងទទួលយកប្រេសិតពិសេសចាត់តាំងដោយអាស៊ាន ដើម្បីបញ្ចប់វិបត្តិនយោបាយមីយ៉ាន់ម៉ា។
អាស៊ាន បានរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីចុងខែតុលាកន្លងមកនេះ ដោយមិនមានវត្តមានមេដឹកនាំយោធាភូមានោះឡើយ។
មីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកមួយរបស់អាស៊ានផងដែរនោះ បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ បន្ទាប់ពីរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងមកនេះ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

