យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ និយាយថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាម M23គំាទ្រដោយរ៉្វាន់ដា បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា ស្របពេលពួកគេធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពធំទូលាយជាងនេះ ។
បទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីយប់ថ្ងៃពុធ ក្រោយជុំកិច្ចចរចានៅរដ្ឋធានីដូហា ប្រទេសកាតានេះ បានធ្វើឲ្យកើតមានក្តីសង្ឃឹមថា រលកអំពើហិង្សាចុងក្រោយ បង្កឡើងដោយការវាយប្រហារបង្ហូរឈាមកាលពីខែមករារបស់ក្រុមឧទ្ទាម M23 ហើយនិងការដណ្តើមបានការគ្រប់គ្រងទីក្រុងធំៗបំផុតទាំង ២របស់កុងហ្គោ អាចនឹងចាប់ផ្តើមស្រាកស្រាន្ត ។
សេចក្តីថ្លែងការណ៍រួម និយាយថា ភាគីទាំង ២ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការបញ្ឈប់អរិភាពបន្ទាន់ ការបដិសេធន៍ដាច់ខាតការនិយាយស្អប់ខ្ពើមគ្នា ការបំភិតបំភ័យ និងអំពាវនាវឲ្យសហគមន៍ក្នុងស្រុក រក្សាការប្តេជ្ញាចិត្តទាំងនេះ ។
ពួកគេបន្តថា ការបញ្ឈប់អរិភាព ត្រូវតែអនុវត្តអំឡុងពេលចរចា និងរហូតដល់ការសន្និដ្ឋានរបស់ពួកគេ ។
លោក Alain Uaykani គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera ដែលធ្វើសេចក្តីរាយការណ៍ពីទីក្រុង Goma របស់កុងហ្គោ និយាយថា ការព្រមព្រៀងគ្នារបស់ភាគីទាំង ២ ដើម្បីបន្តស្វែងរកសន្តិភាព ក្រោយការប៉ុនប៉ងចរចាបរាជ័យច្រើនលើកមកហើយនោះ គឺជាការផ្លាស់ប្តូរលើកទឹកចិត្តមួយ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបន្តថា សេចក្តីរាយការណ៍ពីការប៉ះទង្គិចគ្នានៅតែបន្ត រួមទាំងនៅខេត្ត South Kivu បង្ហាញពីភាពផុយស្រួយខ្លាំងបែបណានៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ។
ការជំរុញសន្តិភាពសម្របសម្រួលដោយកាតា បានកើតមានឡើង ក្រោយរដ្ឋឈូងសមុទ្រមួយនេះ រៀបចំដោយជោគជ័យជំនួបដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែមុន រវាងប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi និងប្រធានាធិបតីរ៉្វាន់ដាលោក Paul Kagame ៕