រដ្ឋាភិបាលរបស់ប្រទេសបេណាំង បានឲ្យដឹងថា ទាហានចំនួន ៥៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅភាគខាងជើងរបស់ប្រទេស កាលពីសប្តាហ៍មុន ដែលជាការផ្តល់ចំនួនតិចជាងការរាយការណ៍ដោយសម្ព័ន្ធរបស់ក្រុមអាល់កៃដា គឺ JNIM។
រដ្ឋអាហ្រ្វិកខាងលិចមួយ ក៏ដូចជាប្រទេសជិតខាងតំបន់ឆ្នេររបស់ខ្លួន គឺតូហ្គោ បានជួបប្រទះនឹងការកើនឡើងនូវអំពើហិង្សារបស់ក្រុមជីហាដ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលក្រុមមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម និងអាល់កៃដាមួយនេះ បានពង្រីកវត្តមានរបស់ខ្លួន ចាប់ពីតំបន់ Sahel ទៅកាន់តំបន់ភាគខាងជើង។
កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Serge Nonvignon បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា៖ «នេះជាការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេស»។
បើតាមស្ថាប័ន SITE Intelligence Group បានឲ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា ក្រុមមានសម្ព័ន្ធជាមួយក្រុមអាល់កៃដា JNIM បានប្រាប់ថា ខ្លួនបានសម្លាប់ទាហាន ៧០នាក់ អំឡុងការវាយឆ្មក់លើប៉ុស្តិ៍យោធាចំនួន ២ នៅភាគខាងជើងប្រទេសបេណាំង។
ភាពរំជើបរំជួល នៅតំបន់ Sahel បានចាប់ផ្ដើមកើតឡើង បន្ទាប់ពីមានការបះបោររបស់ក្រុម Tuareg នៅភាគខាងជើងប្រទេសម៉ាលី ក្នុងឆ្នាំ២០១២ ហើយបានរីករាលដាលទៅកាន់ប្រទេសជិតខាងប៊ួគីណាហ្វាសូ និងនីហ្សេ មុនពេលចូលទៅដល់ភាគខាងជើងនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ដូចជាបេណាំងជាដើម នាពេលថ្មីៗនេះ៕