យោធាចិន នៅថ្ងៃព្រហស្បតិ៍ (២៤ មេសា) បានឲ្យដឹងថា ខ្លួនបានបញ្ជូនកងនាវាចរ និងទ័ពអាកាសទៅតាមឃ្លាំមើល និងព្រមាននាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅរបស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក ម្តងម្កាលអមដោយនាវាមកពីប្រទេសសម្ព័ន្ធមិត្ត ឆ្លងកាត់ច្រកសមុទ្រនេះប្រហែលមួយលើកក្នុងមួយខែ។ ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន បញ្ជាក់ថា ផ្លូវទឹកយុទ្ធសាស្ត្រនេះ គឺជាកម្មសិទ្ធិរបស់ខ្លួន។
ប្រទេសចិនបានរៀបចំសមយុទ្ធចុងក្រោយរបស់ខ្លួន ជុំវិញកោះតៃវ៉ាន់ កាលពីដើមខែនេះ ដែលបាននាំឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងក្ដីបារម្ភពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឲ្យឈ្មោះនាវានេះថា ជានាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅ USS William P Lawrence ហើយបានប្រាប់ថា វាបានឆ្លងកាត់ច្រកសមុទ្រ កាលពីថ្ងៃពុធ ដែលជាសកម្មភាព «បំភ័ន្តសាធារណៈ»។
នៅក្នុងសេចក្តីថ្លែងការណ៍ ដោយមិនបានបញ្ជាក់ពីមតិយោបល់ណាមួយដែលខ្លួនសំដៅទៅលើនោះ ទីបញ្ជាការនេះ បានលើកឡើងថា៖ «ការកត់សម្គាល់ពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក បានប្រែភាពត្រឹមត្រូវទៅជាភាពមិនត្រឹមត្រូវ បំភ្លៃគោលការណ៍ច្បាប់ ធ្វើឲ្យសាធារណជនយល់ច្រឡំ និងបំភ័ន្តការយល់ឃើញរបស់អន្តរជាតិ។ យើងកំពុងប្រាប់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការបំភ្លៃ និងការបំភ័ន្តរបស់ពួកគេ ហើយធ្វើការរួមគ្នា ដើម្បីបន្តរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់»។
កងទ័ពជើងទឹកអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ការប្រកាសជាសាធារណៈលើកចុងក្រោយរបស់ខ្លួន ក្នុងការធ្វើនាវាចរណ៍តាមច្រកសមុទ្រនេះ គឺក្នុងខែកុម្ភៈ៕