ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកនឹងបញ្ឈប់ទស្សនកិច្ច នៅប្រទេសអាហ្វ្រិកខាងត្បូង នាថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា) ហើយត្រលប់ទៅទីក្រុងគីវវិញ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ។
លោក Zelenskiy ដែលបាននិងកំពុងប្រឹងប្រែងពង្រឹងការគាំទ្រអន្តរជាតិ សម្រាប់ការប្រយុទ្ធការពារខ្លួនរបស់អ៊ុយក្រែនទល់នឹងការលុកលុយរបស់រុស្ស៊ី បាននិយាយថា លោកនឹងធ្វើដំណើរត្រលប់ទៅអ៊ុយក្រែនវិញភ្លាមៗ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។
លោក Zelenskiy បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន នឹងរៀបចំកិច្ចប្រជុំចាំបាច់ទាំងអស់ នៅអាហ្វ្រិកខាងត្បូង ដើម្បីជូនដំណឹងទាំងស្រុងដល់បណ្ដាថ្នាក់ដឹកនាំនយោបាយ និងសាធារណៈរបស់ប្រទេស អំពីស្ថានភាពនេះ»។
រុស្ស៊ីបានបាញ់ស្រោចលើទីក្រុង Kyiv ដោយមីស៊ីល និងយានដ្រូនពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងបណ្ដាលឲ្យមានអ្នករបួសជាង ៧០នាក់ ហើយបានបំផ្លិចបំផ្លាញអគារជាច្រើន ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋធានីរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ៕