នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហាម៉ាសបានថ្កោលទោសអនុសាសន៍បង្កើតឡើងដោយមេដឹកនាំអាជ្ញាធរប៉ាឡេស្តីនលោក Mahmoud Abbas ដែលជំរុញឲ្យក្រុមជីវពលគ្រប់គ្រងតំបន់ហ្កាហ្សាមួយនេះ ដោះលែងចំណាប់ថ្នូរ និងទម្លាក់អាវុធចុះ ។
លោក Basem Naim គឺជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស និយាយថា អនុសាសន៍របស់លោក Abbas ដែលត្រូវបានបង្កើតឡើងកាលពីរយៈពេល ១ថ្ងៃមុន គឺជារឿងដ៏គួរឲ្យអាម៉ាស់ខ្លាំងបំផុត ។ លោកថា ម្តងហើយម្តងទៀតដែលលោក Abbas ដាក់ការស្តីបន្ទោសឧក្រិដ្ឋកម្មរបស់ក្រុមកាន់កាប់ និងការវាយប្រហារនៅបន្ត លើប្រជាជនរបស់ពួកយើង ។
គួរឲ្យដឹងថាកាលពីថ្ងៃពុធម្សិលមិញ លោក Abbas បានជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរទាំងអស់ ដោយលោកនិយាយថា ការបន្តឃុំពួកគេបាននាំឲ្យអ៊ីស្រាអែលយកធ្វើជាលេសវាយប្រហារតំបន់ហ្កាហ្សា ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពដែលឆេះខ្លោចចេញ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ នៅកន្លែងផ្សេងៗទូទាំងដែនដីដែលត្រូវបានឡោមព័ទ្ធនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការរារាំងមិនឲ្យជំនួយចូល ។
សូមបញ្ជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានចាប់ផ្ដើមឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ ដោយបញ្ចប់បទឈប់បាញ់ដែលបានជួយធ្វើឲ្យអរិភាពស្ងប់ស្ងាត់យ៉ាងច្រើន និងដែលបានឃើញចំណាប់ថ្នូរ ៣៣នាក់ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ១.៨០០នាក់ ។
ដោយឡែក កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ថ្មី បានបរាជ័យមិនលេចចេញជាផ្លែផ្កាអ្វីឡើយ ខណៈដែលគណៈប្រតិភូក្រុមហាម៉ាស កំពុងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីព្យាយាមបើកការចរចាថ្មី ជាមួយអ្នកសម្របសម្រួល គឺអេហ្ស៊ីប និងកាតា ៕