ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែមេសា) នេះ បានរាយការណ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនគ្រូហោទាយតាមបណ្ដាញសង្គម TikTok ពីបទបង្កឲ្យមានការភ័យស្លន់ស្លោរាលដាលកាន់តែខ្លាំង ដោយសារទាយថា នឹងមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត ក្រោយហេតុការណ៍រញ្ជួយ កាលពីខែមីនា។
លោក John Moe The ដែលមានអ្នកតាមដាន នៅលើបណ្ដាញសង្គម TikTok ជាង ៣០០.០០០នាក់ បានព្យាករកាលពីថ្ងៃទី៩ ខែមេសាថា ការរញ្ជួយដី «ដ៏ខ្លាំងក្លា» នឹងកើតមាននៅ «គ្រប់ទីក្រុងរបស់សហភាពមីយ៉ាន់ម៉ា» ក្នុងរយៈពេល ១២ថ្ងៃ។
ចំណងជើងនៅលើវីដេអូរបស់លោក បានសរសេរថា៖ «មនុស្សម្នាទាំងឡាយមិនគួរស្នាក់នៅក្នុងអគារខ្ពស់ៗ ក្នុងពេលថ្ងៃនោះឡើយ។ យករបស់របរសំខាន់ៗជាប់តាមខ្លួនអ្នក ហើយរត់ចេញពីអគារ អំឡុងពេលមានរញ្ជួយ»។
បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធានៃសហភាពមីយ៉ាន់ម៉ា ដែលបានចេញផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នាថ្ងៃទី២៤ ខែមេសា បានឲ្យដឹងថា លោក John Moe The វ័យ ២១ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់មួយ នាពេលព្រឹកលើផ្ទះរបស់លោក នៅកណ្តាលទីក្រុង Monywa កាលពីថ្ងៃទី២២ ខែមេសា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងទទួលបានព័ត៌មាន អំពីព័ត៌មានក្លែងក្លាយដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនី TikTok ដែលថា ការរញ្ជួយដីដ៏ខ្លាំងក្លា នឹងកើតមាន»។
គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ គ្រោះរញ្ជួយដី នៅខែមីនា នៅតំបន់ខ្សែក្រវាត់កណ្តាលរបស់មីយ៉ាន់ម៉ា បានសម្លាប់មនុស្សជាង ៣.៧០០ នាក់ និងបានធ្វើឲ្យមនុស្ស ៦០.០០០នាក់ រស់នៅក្នុងជំរុំតង់ ខណៈមនុស្សជាច្រើនភ័យខ្លាចមិនហ៊ានត្រលប់ទៅផ្ទះសម្បែងវិញ ដោយសាររលករញ្ជួយបន្តមាន៕