តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃព្រហស្បតិ៍ (២៤ មេសា) ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានឲ្យដឹងថា លោកបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពីសង្គ្រាមអ៊ុយក្រែន និងតម្រូវការក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង។
លោក Ramaphosa បានលើកឡើងថា៖ «យើងទាំង ២នាក់ បានព្រមព្រៀងគ្នាថា សង្រ្គាមគួរតែត្រូវបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការស្លាប់ដែលមិនគួរកើតមានបន្ថែមទៀត ហើយជួបគ្នាឆាប់ៗនេះ ដើម្បីពិភាក្សាដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសហរដ្ឋអាមេរិក-អាហ្វ្រិកខាងត្បូង»។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងអាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីការវិលត្រលប់របស់លោក Trump ទៅអង្គុយកៅអីសេតវិមានវិញ ក្នុងខែមករា។
លោក Trump បានបណ្តេញឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង និងកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ ដោយលើកឡើងពីការមិនយល់ស្របនឹងវិធីសាស្រ្តរបស់ប្រទេសនេះ ជុំវិញកំណែទម្រង់ដីធ្លី និងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅតុលាការពិភពលោក៕