នៅថ្ងៃព្រហស្បតិ៍នេះ ប៉ាគីស្ថាន បានបិទដែនអាកាសរបស់ខ្លួនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងបានច្រានចោលការផ្អាកកិច្ចព្រមព្រៀងចែកចាយទឹករបស់ទីក្រុងញូវដែល្លី ជាការសងសឹកចំពោះការឆ្លើយតបរបស់ប្រទេសជិតខាងឥណ្ឌា ជុំវិញការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ។
សេចក្តីប្រកាសពីការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានធ្វើឡើង បន្ទាប់ពីជំនួបគណៈកម្មាធិការសន្តិសុខជាតិ រយៈពេល ១ថ្ងៃក្រោយឥណ្ឌានិយាយថា មាននូវសកម្មភាពឆ្លងព្រំដែននៃការវាយប្រហារកាលពីថ្ងៃអង្គារដែលមនុស្សប្រុស ២៦នាក់ ត្រូវបានសម្លាប់ដោយក្រុមជីវពល នៅតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយកន្លែងក្នុងតំបន់កាស្មៀរ ។
នគរបាលឥណ្ឌា បានចេញផ្សាយកំណត់ហេតុមួយបង្ហាញឈ្មោះជនសង្ស័យជីវពល ៣នាក់ និងនិយាយថា ២នាក់ គឺជាជនជាតិប៉ាគីស្ថាន ប៉ុន្តែទីក្រុងញូវដែល្លី ពុំបានផ្តល់ភ័ស្តុតាងទំនាក់ទំនង ឬចែករំលែកព័ត៌មានលម្អិតណាមួយបន្ថែមទៀតនោះទេ ។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និយាយថា រាល់ការគំរាមកំហែងណាមួយដល់អធិបតេ្យភាពប៉ាគីស្ថាន និងសន្តិសុខពលរដ្ឋរបស់ពួកគេ នឹងឈានដល់វិធានការបដិការដ៏មុតមាំ គ្រប់មធ្យោបាយទាំងអស់ ។ ពួកគេបន្តថា រាល់ការប៉ុនប៉ងណាមួយបញ្ឈប់ ឬបង្វែរការផ្គត់ផ្គង់ទឹកជារបស់ប៉ាគីស្ថាន នឹងត្រូវចាត់ទុកថាជាសកម្មភាពបង្កសង្រ្គាម ៕