ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមើលមិនឃើញសញ្ញាណាមួយដែលថា សហរដ្ឋអាមេរិកកំពុងដាក់សំពាធខ្លាំងលើរុស្ស៊ីនោះទេ ដែលជាផ្នែកមួយនៃការជំរុញរបស់ពួកគេសម្រាប់សន្តិភាព ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa លោក Zelenskiy និយាយថា ទីក្រុងគីវកំពុងធ្វើអ្វីដែលសម្ព័ន្ធមិត្តរបស់ខ្លួនស្នើសុំ បើទោះបីជាវាមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយ ។ លោកថា វាគឺជាការសម្របសម្រួលដ៏ធំរួចទៅហើយលើផ្នែករបស់ទីក្រុងគីវ ដើម្បីឯកភាពចរចាជាមួយរុស្ស៊ី នៅពេលដែលបទឈប់បាញ់កើតមាន ។
ខណៈពេលនោះដែរ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa និយាយថា វិស័យការទូត និងកិច្ចសន្ទនា គឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន ដោយលោកប្រកាសថាកាលពីពេលថ្មីៗនេះ លោកបានពិភាក្សាលើជម្លោះអ៊ុយក្រែន ដាច់ដោយឡែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
ថ្លែងក្រោយជំនួបជាមួយលោក Zelenskiy នៅទីក្រុង Pretoria លោក Ramaphosa និយាយថា លោកបាននិយាយជាមួយលោក Trump នៅមុននេះនាថ្ងៃនេះ ។
លោកបន្តថា ពួកយើងទាំង ២នាក់ បានឯកភាពគ្នាថា សង្រ្គាមត្រូវតែបញ្ចប់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីការពារមនុស្សស្លាប់បន្ថែមទៀត ហើយនិងការបំផ្លិចបំផ្លាញ ហើយពួកយើងបានឯកភាពគ្នាផងដែរ ក្នុងការជួបគ្នានាពេលឆាប់ៗនេះ ដើម្បីពិភាក្សាលើទំនាក់ទំនងទ្វេភាគី ៕