បាល់ទាត់៖ ខ្សែប្រយុទ្ធវែល Gareth Bale បានតែតបញ្ចប់បញ្ចូលទីគ្រាប់ជ័យជំនះឲ្យ Tottenham Hotspur យកឈ្នះ Brighton ២–១ ដែលជាគ្រាប់ដំបូងរបស់គេតាំងពីវិលមកកាន់ Spurs វិញ។ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ជាអ្នកបើកការនាំមុខឲ្យ Spurs នៅនាទីទី១៣ ដោយបាល់ពិន័យ ១១ម៉ែត្រក្រោយកំហុសរបស់ Adam Lallana ក្រោយពិនិត្យឡើងវិញដោយ VAR។ នេះជាគ្រាប់ទី១៤៩ របស់ Harry Kane នៅ English Premier League។
តែវគ្គទី២ Brighton ក៏តាមស្មើវិញនៅនាទីទី៥៦ ដោយ Tariq Lamptey ដែលជាគ្រាប់ដ៏ចម្រូងចម្រាស។ កីឡាករវ័យ ២០ឆ្នាំរូបនេះស៊ុតបញ្ចូលទី នៅពេលមិត្តរួមក្រុមរបស់ខ្លួន Solly March ធ្វើអោយមានកំហុសលើ Hojbjerg តែអាជ្ញាកណ្ដាល Graham Scott ពិនិត្យមើលឡើងវិញ និងអោយគ្រាប់បាល់នេះទៅ Brighton ខណៈភាគី Spurs មិនសប្បាយចិត្ត។
យ៉ាងណាក្តី Gareth Bale ត្រូវបានផ្លាស់ប្ដូរចូល និងបានតែតបញ្ចូលទីពីបាល់កាត់របស់ Sergio Reguilon ដែលជាគ្រាប់ដំបូងរបស់គេតាំងពីឆ្នាំ២០១៣។ ជ័យជំនះនេះធ្វើឲ្យក្រុមរបស់លោក Jose Mourinho ឡើងមកលេខ២ ក្នុងតារាងតាមពីក្រោយ Liverpool ២ពិន្ទុ ខណៈ Everton ធ្លាក់មកលេខ៣ ក្រោយចាញ់ Southampton ៤–៣ ក្នុងផ្ទះខ្លួនឯង៕
អត្ថបទ៖នាង សុភាវុធ