សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនជនរួមជាតិ ប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :
សារផ្ញើជូនជនរួមជាតិ
ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖
១- ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
២- ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ៕

