ប្រទេសចិន បានអំពាវនាវឱ្យលុបចោលពន្ធគយឯកតោភាគី ទាំងអស់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈមានសញ្ញាបង្ហាញថារដ្ឋបាលលោក Trump អាចនឹងបន្ថយកម្ដៅសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងប៉េកាំង។
ប្រទេសចិនក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនទាន់បានធ្វើកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនទេ ទោះមានការអត្ថាធិប្បាយម្តងហើយម្តងទៀតពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលស្នើឱ្យមានការចូលរួមក៏ដោយ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយដដែលៗថា សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយកាលពីថ្ងៃពុធ សប្ដាហ៍នេះដែរ បាននិយាយថាមានទំនាក់ទំនងផ្ទាល់រវាងប្រទេសទាំងពីរ។
លោក Trump ដែលលើកសរសើរគោលនយោបាយដំឡើងពន្ធបដិការ របស់លោក បាននិយាយថា កាតព្វកិច្ចទាំងនោះមានគោលបំណងកែតម្រូវអតុល្យភាពពាណិជ្ជកម្មមិនស្មើភាពជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ហ៊ើ យ៉ាតុង(He Yadong) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែលុបចោលវិធានការពន្ធឯកតោភាគីទាំងអស់ប្រឆាំងនឹងប្រទេសចិន ប្រសិនបើខ្លួនពិតជាចង់ដោះស្រាយបញ្ហាពាណិជ្ជកម្មមែននោះ។
លោកបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា អ្នកដែលចងបញ្ហាត្រូវតែស្រាយដោយខ្លួនឯង។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយសំអាងពីប្រភពដឹងបញ្ហានេះថា រដ្ឋបាលលោក Trump នឹងពិនិត្យមើលការបញ្ចុះពន្ធលើទំនិញចិនដែលនាំចូលពីកម្រិតបច្ចុប្បន្ន១៤៥% មកនៅចន្លោះពី៥០% ទៅ ៦៥% វិញ ដោយរង់ចាំការពិភាក្សាជាមួយទីក្រុងប៉េកាំង។
មន្ត្រីចិនរូបនេះក៏បានជំរុញឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះសំឡេងសមហេតុផល របស់សហគមន៍អន្តរជាតិ និងភាគីក្នុងតំបន់ផងដែរ៕