ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) បានបដិសេធការអះអាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលថាភាគីទាំងពីរបានចូលរួមក្នុងការចរចាយ៉ាងសកម្មរួចមកហើយលើពន្ធគយ ដោយនិយាយថា មិនទាន់មានកិច្ចសន្ទនាទេ ហើយការលើកឡើងណាមួយនៃវឌ្ឍនភាពក្នុងរឿងនេះ គឺគ្មានមូលដ្ឋានឡើយ ដូចជា "ការលើកពីអ្វីដែលគ្មានរូបរាង"

ការអត្ថាធិប្បាយរបស់ចិន បានកើតឡើងបន្ទាប់ពីលោក Trump បានផ្ដល់សញ្ញាកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អត្រាពន្ធចុងក្រោយលើការនាំចេញទំនិញរបស់ទីក្រុងប៉េកាំង នឹងធ្លាក់ចុះ "យ៉ាងខ្លាំង" ពីតួលេខ ១៤៥% បច្ចុប្បន្ននេះ។

លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា "ជំហររបស់ទីក្រុងប៉េកាំងគឺមិនផ្លាស់ប្ដូរ ហើយបន្តបើកចំហសម្រាប់ការពិគ្រោះយោបល់ និងការសន្ទនា ប៉ុន្តែទម្រង់នៃការពិភាក្សាណាមួយត្រូវតែធ្វើឡើងលើមូលដ្ឋាននៃការគោរពគ្នាទៅមក និងស្មើភាព"។ លោកបន្តថា "រាល់ការអះអាងពីវឌ្ឍនភាពនៃកិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិក គឺគ្មានមូលដ្ឋានជាក់ស្តែងឡើយ ព្រោះថានោះជា "ការលើកពីអ្វីដែលគ្មានរូបរាង"។

នៅពេលត្រូវបានសាកសួរថា តើអាមេរិកកំពុងទាក់ទងជាមួយចិន លើរឿងពន្ធនេះឬទេ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា "អ្វីគ្រប់យ៉ាងគឺកំពុងតែសកម្ម" ប៉ុន្តែរដ្ឋមន្ត្រីរតនាគាររបស់លោក បាននិយាយថា "មិនទាន់មានការចរចាជាផ្លូវការកើតឡើងនោះទេ"៕