ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ចំពោះអឺរ៉ុប ប៉ុន្តែបាននិយាយថា សម្ព័ន្ធមិត្តនេះ នឹងគ្មាន «ឥទ្ធិពលឡើយ» ប្រសិនបើគ្មានសហរដ្ឋអាមេរិក។

លោក Trump បាននិយាយនៅក្នុងជំនួបនៅសេតវិមានជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Stoere ដែលរួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់របស់ប្រទេសន័រវេស និងអតីតអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា «ខ្ញុំគិតថា បើគ្មានយើងទេ សម្ព័ន្ធនេះនឹងគ្មានឥទ្ធិពលខ្លាំងទេ»។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង មានសារៈសំខាន់ខ្លាំងសម្រាប់អឺរ៉ុប។

នៅពេលត្រូវបានសួរនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីន័រវេស នៅការិយាល័យ Oval ថាតើសម្ព័ន្ធមិត្តនេះ មិនអាចបំបែកបានតាមទស្សនៈរបស់លោកដែរទេ លោកបាននិយាយថា «វាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់អឺរ៉ុប»។
លោក Trump បានលើកឡើងជាថ្មីម្តងទៀតអំពីបញ្ហានៃការរួមចំណែកផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រដល់សម្ព័ន្ធយោធាណាតូ និងបាននិយាយថា អឺរ៉ុបគួរតែបង្កើនការចំណាយបន្ថែមទៀត ព្រោះ «សហរដ្ឋអាមេរិក បានចំណាយច្រើនជាងនេះឆ្ងាយ»។
គូប្រជែងនយោបាយរបស់ លោក Trump បាននិយាយថា លោកបានពិចារណាយ៉ាងយកចិត្តទុកដាក់លើជម្រើសសម្រាប់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីសម្ព័ន្ធមិត្តយោធានេះ។