រុស្ស៊ី និងអ៊ុយក្រែន បានបន្ទោស និងចោទដាក់គ្នាទៅវិញទៅមកជាថ្មីម្ដងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលរអាក់រអួលខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) ដោយទីក្រុងមូស្គូ បានចោទលោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថារារាំងផ្នែកការទូត ហើយទីក្រុងគីវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បន្តសង្រ្គាម។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមថា លោកនឹងដើរចេញពីកិច្ចចរចារកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ប្រសិនបើទីក្រុងគីវ និងទីក្រុងមូស្គូ មិនព្រមធ្វើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗទេនោះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova និយាយថា "លោក Zelenskiy ខ្វះសមត្ថភាពចរចារបញ្ចប់សង្គ្រាម"។ លោកស្រីចោទមេដឹកនាំអ៊ុយក្រែនរូបនេះថាធ្វើឱ្យខូចកិច្ចពិភាក្សាស្តីពីអ៊ុយក្រែន កាលពីថ្ងៃពុធ នៅទីក្រុងឡុងដ្រ៍ ដែលមានមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប ហើយនិយាយថា លោក Zelenskiy ត្រៀមជាស្រេចដើម្បី "បំផ្លាញដំណើរការសន្តិភាពដែលកំពុងលេចឡើង"។

អ៊ុយក្រែននិយាយថា ខ្លួនចង់បានសន្តិភាពយុត្តិធម៌ ហើយរុស្ស៊ី ទេជាអ្នកអូសបន្លាយការចរចា ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត បន្ថែមពីលើទឹកដីដែលខ្លួនកាន់កាប់រួចហើយនៅគ្រីម៉េ និងតំបន់ភាគខាងកើតចំនួន៤ របស់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបានបង្កើនការរិះគន់របស់ខ្លួនថែមទៀតបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីលើទីក្រុងគីវ ដោយនិយាយថា សកម្មភាពលោក Putin បង្ហាញថាលោកមិនគោរពកិច្ចប្រឹងប្រែងសន្តិភាពណាមួយឡើយ ហើយគ្រាន់តែចង់បន្តសង្រ្គាមតែប៉ុណ្ណោះ៕