ប្រទេសចិន កំពុងពិចារណាលើកលែងពន្ធដល់ការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក ពីអត្រាពន្ធ ១២៥% របស់ខ្លួន ហើយកំពុងស្នើឱ្យក្រុមហ៊ុននានាផ្តល់បញ្ជីទំនិញដែលអាចលើកលែង នៅក្នុងសញ្ញាដ៏ធំបំផុតមួយដែលថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។
ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មចិន កំពុងប្រមូលបញ្ជីមុខទំនិញដែលអាចលើកលែងពីពន្ធគយ និងកំពុងស្នើឱ្យក្រុមហ៊ុនទាំងឡាយដាក់សំណើផ្ទាល់ខ្លួន នេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ទស្សនាវដ្ដីព័ត៌មានហិរញ្ញវត្ថុ Caijing បានរាយការណ៍នៅថ្ងៃសុក្រ (២៥ មេសា) នេះ ដោយដកស្រង់ប្រភពថា ទីក្រុងប៉េកាំង កំពុងរៀបចំដាក់បញ្ចូលការលើកលែងពន្ធដល់គ្រឿងឧបករណ៍ដែលទាក់ទងនឹងបន្ទះឈីប ចំនួន៨មុខ ប៉ុន្តែមិនមានបន្ទះឈីបអង្គចងចាំទេ។
បញ្ជីនៃផលិតផលចំនួន ១៣១ប្រភេទ ដែលមានសិទ្ធិទទួលបានការលើកលែង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងចំណោមក្រុមអាជីវកម្ម និងក្រុមពាណិជ្ជកម្មនៅថ្ងៃសុក្រនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ផ្លូវការបានទេ។
ការលើកលែងនេះបង្ហាញសញ្ញាថា ទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងវ៉ាស៊ីនតោនដែរ គឺកំពុងបារម្ភយ៉ាងខ្លាំងពីការឈឺចាប់ផ្នែកសេដ្ឋកិច្ច ដែលកំពុងរីករាលដាលនៅទូទាំងប្រទេសក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោក៕