បាល់ទាត់៖ ក្លិប Tottenham Hotspur កំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃមេរោគ Covid-19 នៅក្នុងក្លិបដែលធ្វើឱ្យរំខានការប្រកួតចំពោះមុខទល់នឹងក្លិបបារាំង Rennes នៃក្របខណ្ឌ UEFA Europa Conference League។ មិនមានព័ត៌មានផ្លូវការថាមានមនុស្សប៉ុន្មាននាក់ឆ្លងឡើយ តែគេដឹងថា កីឡាករមួយចំនួនក៏ដូចជាបុគ្គលិកក្លិបសុទ្ធតែត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 តាមរយៈការធ្វើតេស្តរហ័ស។
នៅមានការធ្វើតេស្តដោយម៉ាស៊ីនធំ PCR តេស្តបន្ថែមទៀតនៅថ្ងៃនេះ។ Spurs នឹងត្រូវជួបជាមួយ Rennes នៅទីក្រុងឡុងដ៍យប់ថ្ងៃព្រហស្បតិ៍នេះ មុនពេលជួបជាមួយ Brighton ចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League។ បើតាមច្បាបរបស់ UEFA ក្លិបនៅមួយៗបើនៅសល់កីឡាករ ១៣នាក់ទាំងអ្នកចាំទីនោះការប្រកួតនឹងអាចដំណើរទៅបាន តែបើមានកីឡាករតិចជាងនេះការប្រកួតនឹងត្រូវលើកពេល។ Spurs ត្រូវការឈ្នះ Rennes ដើម្បីឱកាសទៅវគ្គ ៣២ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ