នៅព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite”។
ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យ តេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងក្មួយៗ សិស្សានុសិស្ស។
ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលបំផុត គឺដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ យើងត្រូវរួបរួមគ្នា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០។
ឆ្លៀតក្នុងឱកាសអបអរសាទរទិវានេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក គម្រោងមូលនិធិសកល ដៃគូវិនិយោគ ដៃគូជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត និងក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ និងកំពុងសហការជួយឧបត្ថម្ភគាំទ្រដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់៕ អត្ថបទ៖ រដ្ឋា






