ទីផ្សារភាគហ៊ុនសកល ជាពិសេសអាស៊ី បានឆ្ពោះទៅរកកំណើន ក្នុងសប្តាហ៍ទីពីរជាប់ៗគ្នានាថ្ងៃសុក្រ (២៥ មេសា) នេះ ហើយប្រាក់ដុល្លារក៏កើនឡើងប្រចាំសប្តាហ៍ដំបូងរបស់ខ្លួនក្នុងពេលជាងមួយខែ ខណៈវិនិយោគិនបានស្វាគមន៍ចំពោះការបន្ទន់ជំហរជាក់ស្តែងរបស់លោកប្រធានាធិបតី Donald Trump លើពន្ធរបស់ចិន បើទោះបីជាមិនមានសញ្ញាច្បាស់លាស់នៃការបន្ធូរបន្ថយភាពតានតឹងក៏ដោយ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Alphabet បានយកឈ្នះការរំពឹងទុកប្រាក់ចំណេញ និងបញ្ជាក់ឡើងវិញនូវគោលដៅចំណាយរបស់ AI ដោយជំរុញឱ្យភាគហ៊ុនកើនឡើងជិត ៥% នៅក្នុងការជួញដូរក្រោយម៉ោង និងបានទាញហ៊ុនរបស់ដៃគូសហការ រួមទាំង S&P 500 ឱ្យកើន ០,៥% ផងដែរ។
ក្រៅពីកំណើននៅអាមេរិក និងអឺរ៉ុប អាស៊ីក៏មើលឃើញទំនោរស្រដៀងគ្នានេះ ដោយហ៊ុន Nikkei របស់ជប៉ុន កើនបាន ១,៤% នៅថ្ងៃសុក្រ ហើយបានទូទាត់ការខាតបង់របស់ខ្លួន ចាប់តាំងពីការប្រកាសកាលពីថ្ងៃទី០២ ខែមេសា របស់លោក Trump អំពីពន្ធបដិការខ្ពស់បំផុតរបស់អាមេរិក។ ហ៊ុន Hang Seng របស់ហុងកុង ឡើង ០,៩% ខណៈហ៊ុនសៀងហៃ Composite និងបន្ទះឈីបខៀវ CSI300 របស់ចិនដីគោក មើលឃើញកំណើនតិចប៉ុណ្ណោះ។
ប្រាក់ដុល្លារ ដែលបានធ្លាក់ថ្លៃយ៉ាងខ្លាំងក្រោយការប្រកាសដំឡើងពន្ធគយនោះ ហាក់ដូចជាមានស្ថិរភាពនៅជុំវិញ ១,១៣៥០ដុល្លារ ក្នុងមួយអឺរ៉ូ និងក្នុងតម្លៃ ១៤៣យ៉េនជប៉ុន ដោយការសម្រុកលក់ប្រាក់ដុល្លារក៏បានធូរស្បើយខ្លះនៅអាស៊ី នាថ្ងៃសុក្រនេះផងដែរ៕