គណៈប្រតិភូរបស់ទីក្រុងសេអ៊ូល បានលើកឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មជុំទីមួយនៅទីក្រុងវ៉ាស៊ីនតោនថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតកញ្ចប់នៃកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងដកពន្ធថ្មីរបស់អាមេរិក មុនពេលការផ្អាក ៩០ថ្ងៃនៃពន្ធ "បដិការ" ត្រូវបញ្ចប់នៅក្នុងខែកក្កដា ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយបន្ទាប់ពីនោះថា អាមេរិក និងកូរ៉េខាងត្បូង បានជួបប្រជុំដោយ “ជោគជ័យខ្លាំង” កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok និងរដ្ឋមន្ត្រីឧស្សាហកម្ម។

ភាគីទាំងសងខាងមិនបានលម្អិតពីវិស័យនៃកិច្ចព្រមព្រៀងដែលអាចកើតមាននោះទេ ប៉ុន្តែកូរ៉េខាងត្បូង ដែលរងពន្ធបដិការអាមេរិក ២៥% បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្នើសុំការលើកលែងពីពន្ធនោះ និងទំនិញជាក់លាក់ជាច្រើនទៀត ហើយបានផ្តល់សំណើកិច្ចសហប្រតិបត្តិការលើការកសាងនាវា និងថាមពល ព្រមទាំងការដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

លោក Choi បាននិយាយថា កូរ៉េខាងត្បូង បានផ្តោតជាពិសេសលើវិស័យរថយន្ត ដែលប្រឈមផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុត។ ប្រធានាធិបតីស្តីទី លោក Han Duck-soo បានបង្ហាញឆន្ទៈក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយនិយាយថា ទីក្រុងសេអ៊ូល នឹងមិនប្រឆាំងតបតនឹងទីក្រុងវ៉ាស៊ីនតោន លើរឿងពន្ធទេ៕